សិល្បៈជាតិ ៖ សន្ទុះកម្លាំងគាំទ្រនៅក្នុងផ្ទះគឺជាសញ្ញាចង្អុលបង្ហាញយ៉ាងសំខាន់ដែលធ្វើឱ្យកម្មវិធីការប្រកួតសម្រស់បវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ ២០២៤ ឬ Miss Universe Cambodia 2024 អាចដំណើរការទៅបានយ៉ាងជោគជ័យ និងរលូន។ ដោយអ្នកគ្រប់គ្រងជំនាន់ថ្មីមួយរូបនេះ ហ៊ានធានាអះអាងថា នឹងរក្សាទម្រង់កម្មវិធីនៅកម្ពុជាឱ្យមានគុណភាពស្តង់ដារ Professional ទាំងមិនចាំបាច់បង្កាច់ភ្លើងដ្រាម៉ាយកល្បីតែមួយប៉្រាវ។

លោក ឈួង យីវឆូយ National Director ដែលទើបទទួលបានសិទ្ធិផលិតកម្មវិធីប្រកួត Miss Universe Cambodia ឆ្នាំ ២០២៤ នាពេលថ្មីៗនេះនៅលើទឹកដីខេត្តសៀមរាប បានឆ្លើយតបរាល់សំណួររបស់អ្នកគាំទ្រដែលថា ហ្វេនខ្លះមានក្ដីបារម្ភចំពោះឈុតតំណាងជាតិដែលទៅមានភាពស្រដៀងគ្នានិងផ្ទះលេខ​២ ឬភាគីថៃ ធ្លាប់បានធ្វើឡើងកន្លងមក ហើយការដែលកម្មវិធីកន្លងទៅធ្លាប់ប្រកួតក៏កើតមានរឿងដ្រាម៉ាយកល្បីច្រើន និងថាតើលោកទិសដៅជំរុញកម្មវិធីថ្មីនេះបែបណាខ្លះដើម្បីឱ្យកម្មវិធី Miss Universe Cambodia មានសន្ទុះគាំទ្រខ្លាំងមិនចាញ់បណ្ដាប្រទេសដទៃនៅលើពិភពលោក។

បើតាមការបញ្ជាក់របស់លោក ឈួង យីវឆូយ បានឱ្យដឹងបន្ថែមថា ការទិញសិទ្ធផលិតកម្ម Miss Universe Cambodia មកកាន់នៅក្នុងដៃនេះ គឺមានរយៈពេលកំណត់ត្រឹម ១ ឆ្នាំសិន ទើបមានការចចារជាថ្មីក្នុងការផលិតបន្តឬក៏គ្មាន។ ហើយអ្នកគាំទ្របានកំពុងរង់ចាំអ៊ុតមើលដែរថា តើកម្មវិធី Miss Universe Cambodia ដែលធ្លាក់មកក្នុងដៃអ្នកផលិត និងគ្រប់គ្រងថ្មីនេះ មានសន្ទុះគាំទ្រខ្លាំងកម្រិតណា និងមានគុណភាពស្ដង់ដារអន្តរជាតិដល់កម្រិតណា? ហើយបេក្ខភាពរូបជាម្ចាស់មកុដបន្តវេនពីកញ្ញា ចន សុទីម៉ា នាជំនាន់ថ្មីនេះផងដែរ៕

Share.