សិល្បៈជាតិ៖ «ប្រវត្តិស្នេហ៍នាងនាថ» ដែលជាភាពយន្តថ្មីសន្លាងរបស់ផលិតកម្ម LDនោះ មិនទាន់ដល់ថ្ងៃចូលរោងបញ្ជាំងផង ស្រាប់មហាជនអ្នកលេងបណ្ដាញសង្គមបង្ហាញពីក្ដីបារម្ភខ្លាចជាន់ដានចាស់ដូចភាពយន្តដែលមានប្រតិកម្មជាមួយថៃ។ ដោយក្នុងនោះខាងផលិតកម្ម LD គូសបញ្ជាក់ហេតុផលច្បាស់ៗពីការផលិតភាពយន្តខ្នាតធំរឿង ដោយមិនបារម្ភខ្លាចថាចម្លងសាច់រឿងថៃ ប្លង់ថៃអីនោះទេ។

 លោក លៀក លីណា អ្នកគ្រប់ការផលិតរបស់ផលិតកម្ម LD ក៏បានគូសបញ្ជាក់អំពីហេតុផលសំខាន់ដែលធ្វើឱ្យផលិតគ្មានការបារម្ភចំពោះពាក្យថាចម្លងសាច់រឿងនេះ ព្រោះផលិតកម្មបានសម្រិតសម្រាំងតាក់តែងនិពន្ធដោយផ្អែកលើកគោលការណ៍មួយចំនួនដោយផ្អែកលើកការនិពន្ធថ្មី។

ជាមួយគ្នានេះដែរ នាពេលថ្មីៗនេះ លោក លៀក លីដា ក៏បានគូសបញ្ជាក់ដែរថា ផលិតកម្មនឹងមិនប្ដូរឈ្មោះចំណងជើងរឿងនេះទេ បើទោះបីជាមហាជនមានក្ដីបារម្ភខ្លាំងយ៉ាងណាក៏ដោយ។ លោកបង្ហោះសាររៀបរាប់ថា ៖ «ផលិតកម្មអិលឌី គ្មានគោលការណ៍ដូរចំណងជើងទៅតាមការស្នើសុំរបស់ក្រុមហ៊ុនបរទេសរឺប្រទេសណាមួយឡើយ ព្រោះរឿងនេះ ជារឿងនិទាន ចំណាស់មួយដែលយើងបានស្ដាប់បានដឹងតាំងពីដើមមកនៅក្នុងប្រទេសរបស់យើង»។

សូមជម្រាបបន្ថែមថា ភាពយន្តរឿង «ប្រវត្ដិស្នេហ៍នាងនាថ»ត្រូវបានផលិតចេញជាសេរីភាគសំខាន់ៗមានទាំងអស់ ៣វគ្គ គឺវគ្គទី១ បង្ហាញពីស្នេហាយុវវ័យក្រោយសម័យអង្គរ វគ្គទី២ បង្ហាញពីជីវិតគូ ប្រៀបដូចជា ជើងមេឃពណ៌ស្វាយ និងវគ្គទី៣ បង្ហាញពីសាច់រឿងខ្មោចចិញ្ចឹមកូនមនុស្ស ដែលជាខ្សែភាពយន្ដបែបប្រឌិត។ ហើយសម្រាប់វគ្គដំបូងដែលត្រៀមនឹងបញ្ជាំងនាពេលខាងមុខនេះ គឺជាសាច់រឿងបង្កប់ឈុតឆាកកំប្លែង និងស្នេហាផ្អែមល្ហែមរបស់គូស្នេហ៍នាសម័យក្រោយអង្គរ ដែលមានតួឯកប្រុសនៅក្នុងរឿងខ្នាតធំ«ប្រុសលក់ខ្លួន» គឺលោក Paing Takhon តារាសម្ដែង​ឯកប្រុសពីប្រទេសភូមា និង តួឯកស្រី គឺ ស្រីស្អាត Melia ដែលជាតារាបង្ហាញម៉ូដកូនកាត់ខ្មែរ-បារាំងចូលរួមសម្ដែង៕

Share.