សិល្បៈជាតិ៖ កម្មវិធី​ជប់លៀង​ អាពាហ៍ពិពាហ៍រវាង​អ្នក​នាង​ ដួង ម៉ានិច និង​ស្វាមី​អ្នក​ជំនួញ​វ័យក្មេង​ លោក វ៉ន លីពុទ្ធិឆាត ដែល​អ្នក​គាំទ្រ​​និយម​ហៅថា ​ ហ៊ា ឆាត តាម​ម៉ាក់​និច បាន​ប្រព្រឹត្តិ​ទៅ​ក្នុង​បរិយាកាស​មួយដ៏សែនរីករាយនិង​រ៉ូមែនទិច​ នា​ឆ្នេរសមុទ្រ​រាម កាល​ពី​រាត្រី​ថ្ងៃ​ទី​​ ២២ ខែមេសា ឆ្នាំ​២០២៤ កន្លង​ទៅ ក្រោម​វត្តមាន​ភ្ញៀវកិត្តិយស​ដ៏ច្រើន​កុះ​ករ​។

ជាការ​ពិត​ណាស់​គូស្វាមី​ភរិយា​ថ្មោងថ្មីមួយ​គូនេះ​ ធ្លាប់​បាន​ក្រាប​ក្បាល​ដល់​កន្ទេល នៅ​ចំពោះ​មុខ​អ្នក​មាន​គុណ​ទាំង​សងខាង ក្នុង​ពិធីរៀបអាពាហ៍ពិពាហ៍បែបប្រពៃណី​ខ្មែរ​ ក៏​ដូច​ជា​​បាន​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​តាម​ច្បាប់​ រួច​ម្ដង​មក​ហើយកាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា​ កន្លង​ទៅ​។

យ៉ាងណាមិញ​ដោយ​សារ​កម្មវិធី​នោះ​ប្រព្រឹត្តិទៅ​លក្ខណៈ​ឯកជន​ ក្នុង​ចំណោម​ក្រុម​គ្រួសារ​សាច់​ញាតិ​ ទើប​នៅ​ថ្ងៃ​ទី​២១-២២ ខែ​មេសា កន្លង​ទៅ​​នេះ​ បុគ្គលល្បីទាំង​ពីរ​បាន​រៀបចំ​កម្មវិធី​ជប់​លៀង​ដើម្បីជួបជុំ​មិត្ត​ភក្ដិ​ និង​ប្រកាស​ពីឋានៈ​ជា​ស្វាមី​ភរិយាស្របច្បាប់​ ដោយ​មាន​ភ្ញៀវកិត្តិយស​ទាំង​ក្នុង​រង្វង់​សិល្បៈ និង​ក្រៅ​រង្វង់សិល្បៈ​ជា​សាក្សី​។

កម្មវិធី​របស់​ អ្នក​នាង​ ដួង ម៉ានិច ត្រូវ​បាន​សាធារណជន​មើល​ឃើញ​ថា​ បាន​ផ្ដល់​ជា​គំរូ​ល្អមួយ​ដែរ ព្រោះ​បាន​បញ្ជាក់​ថា​មិន​ទទួល​គ្រឿង​ ស្រវឹង ក្រៅ​ពី​រឿង​​មួយ​នេះ​​ ពិធី​អាពាហ៍ពិពាហ៍​ដ៏អធិកអធម​របស់​អ្នក​នាង​ ក៏​មិន​ភ្លេច​រំលេច​អនុស្សាវរីយ៍​ពី​អតីតកាល​ គាស់​កកាយ​បទ​ចម្រៀង​ល្បី​ គ្រលែង​ សំនៀង របស់​ លោក Tempo Tris និង T.O ដែល​អ្នក​នាង​ សម្ដែង​ជា​តួឯក​ស្រី មក​ Surprise ស្វាមី ​ហ៊ា ឆាត ផងដែរ។ ​អ្នក​នាង​ បាន​លើក​យក​ក្បាច់​រាំ​ចង្អុល​មេ​ឃ ​ដែល​ធ្លាប់​ល្បីល្បាញ​ និង​ផ្ទុះ​ខ្លាំង​លើ​តិកតុក​កាល​ពី​៧​ឆ្នាំ​មុន​​មក​រាំ​ រំលឹក​អនុស្សាវរីយ៍ចាស់ រហូត​ផ្ទុះ​ការ​ចាប់​អារ​ម្មណ៍​យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ទាំង​ ហ្វេសប៊ុក និង​ តិកតុក សារជា​ថ្មី​។

គួរ​រំលឹក​ផង​ដែរ​ថា​ អ្នក​នាង​ដួង ម៉ានិច ធ្លាប់​បាន​សរសើរ​ស្វាមី​ហ៊ា ឆាត បុរស​អ្នក​ជំនួញ​អនឡាញ និង​ យូធូបប៊ឺដែល​មាន​ឈ្មោះ​លើ​បណ្ដាញ​សង្គម​សរសេរថា​ Lyderzz ថាជា​បុរស​ល្អ​ ចេះស្រលាញ់​និង​យកចិត្ត​ទុក​ដាក់​មើល​ថែទាំង​នាង​ ផ្ដល់​ភាពកក់ក្ដៅ​ដល់​នាង ជា​ពិសេស​គឺហ៊ាន​លះបង់​ពេល​វេលា​ផ្ទាល់​ខ្លួន លះបង់​យុវវ័យ​ ព្រម​ទាំង​អ្វីៗ​គ្រប់​យ៉ាង​ដើម្បី​ឱ្យ​នាង​មាន​ស្នាម​ញញឹម ហើយ​ក៏​ជា​មនុស្ស​ដែល​ចង់​ឃើញ​នាង​បាន​សម្រេច​ក្ដីស្រមៃ ដោយ​អ្នក​នាង​បាន​បញ្ជាក់​យ៉ាង​ខ្លីទៀត​ថា​ ក្ដីស្រមៃ​របស់​នាង​ អត់​មាន​អ្វី​ច្រើន​ទេ គឺគ្រាន់​តែ​ចង់​កាន់​ដៃ​ស្វាមី​ដល់​ចាស់​រៀងខ្លួន​ប៉ុណ្ណោះ​៕

Share.