ពោធិ៍សាត់ ៖ ព្រោះតែភ្លើងប្រច័ណ្ឌ បុរសចំណាស់ម្នាក់ហ៊ានអារកសម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនឯងតាមក្រោយ បង្កឱ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង០៥នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅភូមិកញ្ជើបាចដាច ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

ស្រ្តីរងគ្រោះមានឈ្មោះ អៀង ចរិយា អាយុ ៥៥ឆ្នាំ មុខរបរកសិកត រស់នៅផ្ទះកើតហេតុ ។ ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ហ៊ង ខុម អាយុ៦៤ឆ្នាំ មុខរបរកសិករ។

តាមប្រភពបានបង្ហើបឱ្យដឹងថា ប្តីប្រពន្ធខាងលើ រស់នៅមិនចុះសម្រុងគ្នា រហូតដល់សម្រេចចិត្តរៀងខ្លួន យល់ព្រមលែងលះគ្នា តែត្រឹមសាលាឃុំ ក៏ប៉ុន្តែ ថ្វីដ្បិតបានសម្រេចចិត្តលែងលះគ្នាជាមួយប្រពន្ធ ពិតមែន តែការស់នៅក្រោមដំបូលផ្ទះតែមួយ ពោលរស់នៅដូចបងប្អូន អស់រយៈពេល៥ឆ្នាំមកហើយ។

ប្រភពបន្តទៀតថា មកដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ក្រោយចូលឆ្នាំខ្មែរថ្មីៗ ស្រាប់តែមានបុរសម្នាក់ មកចូលស្តីដណ្តឹង ស្ត្រីរងគ្រោះ ដោយត្រូវចិត្ត យល់ថ្លើមគ្នា ព្រមព្រៀង បណ្តាការនូវទឹកប្រាក់ចំនួន៥០មុឺនរៀល តែពេលនោះ ភាគីខាងអ្នកចូលដណ្តឹងបានឱ្យលុយត្រឹម៤៨មុឺនរៀលសិន នៅខ្វះ២០មុឺនរៀល រងចាំថ្ងៃរៀបចំធ្វើកិច្ចសែនព្រេន។

ក្រោយពីមានអ្នកទី៣ ចាប់ចិត្តចងស្ពានមេត្រីជាមួយស្ត្រីរងគ្រោះរួចមក ស្រាប់តែ ជនដៃដល់ជាប្តី ចាប់ផ្តើមប្រែទឹកមុខ ស្រពាប់ស្រពោន ផឹកស្រាកាត់សាញ លុះដល់ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ ជនដៃដល់ចាប់ប្រពន្ធអារក ស្លាប់ ហើយចងកសម្លាប់ខ្លួនឯងជាក្រោយនៅក្នុងផ្ទះ ។ករណីឃាតកម្មរួចធ្វើអត្តឃាតខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ចុះទៅស្រាវជ្រាវ ពិនិត្យកោសល្យវិច័យរួច ប្រគល់សពអ្នកទាំង២ ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ តាតុងសែនជ័យ

Share.