សិល្បៈជាតិ៖ ស្របពេលដែលសិល្បករសិល្បការិនីឆ្នើមជាច្រើនក្នុងវិស័យសិល្បៈ ត្រូវបានឡើងទទួលការបំពាក់គ្រឿងឥស្សរិយយសដោយប្រមុខថ្នាក់ដឹកនាំប្រទេស ស្រាប់តែស្រីស្អាតពីដួង ងិន ម៉ារ៉ាឌី និង អែម គុនថង បែរជាបង្ហោះសារតូចចិត្តស្អិតទ្រូងព្រោះមិនបានឡើងទទួលគ្រឿងឥស្សរិយយសដូចគេ ដោយសំអាងថា ខ្លួនក៏ធ្លាប់បានតស៊ូចេញទៅប្រកួតនៅឆាកអន្តរជាតិដើម្បីមុខមាត់ប្រទេស និងបានចូលរួមកម្មវិធីថ្នាក់ជាតិជាច្រើនណាសដែរ ប៉ុន្តែប្រហែលជាមិនសំខាន់ទើបគ្មានអ្នកស្គាល់ ឬចាប់អារម្មណ៍ទេមើលទៅ?

ស្រីស្អាតអតីតម្ចាស់មកុដ Miss Universe Cambodia ឆ្នាំ ២០២១ អ្នកនាង ងិន ម៉ារ៉ាឌី បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើងថា ៖ «ខ្ញុំមិនយល់ ក្នុងនាមខ្ញុំជា miss universe Cambodia 2021 ម្នាក់ដែរ ហើយក៏បានតំណាងប្រទេសកម្ពុជាទៅលើឆាកអន្តជាតិដូច បងៗក្នុងក្រុមខ្ញុំដែរ តើមូលហេតុអីបានជាខ្ញុំមិនទទួលបានគ្រឿងឥស្សរិយយសដូចគេ? តើខ្ញុំមានចំណុចអន់ត្រង់ណា? ឬមួយអស់លោកអ្នកដែលបញ្ចូនឈ្មោះទៅថ្នាក់លើមិនបានស្គាល់ខ្ញុំ? ok យល់គ្រប់យ៉ាង »។

ហើយជាមួយគ្នានោះដែរ ស្រីស្អាត Miss Global Cambodia ឆ្នាំ ២០២២ កញ្ញា អែម គុនថង ក៏បានបង្ហោះសារតូចចិត្តដែរថា ៖ «ខ្ញុំ​នេះ​វិញ​ចូល​រួច​កម្មវិធី​ជួយ​ជាតិ​តាំង​ពីឆ្នាំ ​2015 មិន​ដែល​បាន​លុយ​ទេ​ព្រោះ​ស្រលាញ់​ កម្មវិធី​បុណ្យ​ជាតិ​មាន​មុខ​រហូត​ដល់​ពេល​មាន​កម្មវិធី​អីចឹង​អត់​មាន​មុខ​ខ្ញុំ​សោះ»។

យ៉ាងណាមិញ ការបង្ហោះសាររបស់ស្រីស្អាតទាំងពីរខាងលើក៏បានទាញឱ្យអ្នកគាំទ្រចូលរួមជាមតិបន្ទោសអ្នករៀបចំកម្មវិធីដែលមិនបានអើពើអ្នកទាំងពីរស្រដៀងៗគ្នាថា ៖ «អ្នកល្អច្រើនណាស់តែគេមើលរំលង » «ហេតុអ្វីគេមើលរំលង Queen» « កុំចង់បានអីបងបើគេមើលមិនឃើញពីតម្លៃការលះបង់​ តស៊ូ​ដើម្បីមុខមាត់ជាតិ​ កំណើត​នៅតែស្រលាញ់បង » និងខ្លះទៀតថា «ខ្ញុំក៏អត់យល់ដូចគ្នា តែបែរជាតួរទើបតែល្បីបាន1-3ឆ្នាំអី តួថ្មីអីបែរជាមានឈ្មោះទៅវិញ »។

ដោយឡែក កម្មវិធី «​ពិសា​អាហារ​សាមគ្គី និង បំពាក់​គ្រឿង​ឥស្សរិយយស ជូន​លោកគ្រូ អ្នកគ្រូ និង សិល្បករ សិល្បការិនី ដែលមាន​ស្នាដៃ​ល្អ​ឆ្នើម​» គឺនឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​២៥ ខែមេសា ឆ្នាំ​២០២៤ នៅមណ្ឌល​សន្និបាត និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ៕

Share.