សៀមរាប ៖ មនុស្ស៧នាក់ ស្រី៥នាក់ រងរបួស ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តLAND CRUISER បើកបរលឿនមិនប្រកាន់ស្តាំ ជ្រុលទៅបុកជាមួយរថយន្តALPHARD បើកច្រាសទិសគ្នា មួយគ្រឿងធ្លាក់ផ្លូវ មួយគ្រឿងបោកផ្ទប់ដើមឈើ កាលពីវេលាម៉ោង៨និង៥០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៦ ភូមិថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប ។

តាមនគរបាលបានឱ្យដឹងថា ភាគីខាងរថយន្ត LAND CRUISER ពណ៌សូកូឡា ពាក់ស្លាកលេខ ភ្នំពេញ 2AC-9918 បើកបរដោយឈ្មោះ ហ៊ាង ហុង ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅភូមិ៧ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រួមដំណើរជាមួយឈ្មោះ ហេង លាងខេង ភេទស្រី អាយុ៤១ឆ្នាំ និងឈ្មោះ លី សុខេង ភេទស្រី អាយុ៤០ឆ្នាំ មានទីលំនៅជាមួយគ្នា ។ ចំណែកភាគីខាងរថយន្ត ALPHARD ពណ៌ស ពាក់ស្លាកលេខ កោះកុង 2C-2121 បើកបរដោយឈ្មោះ ផន សិដ្ឋសុទ្ធសាធ ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្ទឹងថ្មី សង្កាត់សៀមរាប ក្រុងសៀមរាប រួមដំណើរជាមួយឈ្មោះ នៅ សុខសាន្ត ភេទស្រី អាយុ៣២ឆ្នាំ រស់នៅភូមិរលួសកើត ឃុំរលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប , ឈ្មោះ សំ សុធា ភេទស្រី អាយុ៤២ឆ្នាំ និងឈ្មោះ ចាន់ គឹមរ៉េត ភេទ ស្រី អាយុ៦៥ឆ្នាំ ។

ប្រភពបន្តទៀតថា មុនកើតហេតុ ភាគីខាងរថយន្តAND CRUISER បើកបរល្បឿនលឿន ពីកើតទៅកើត ដល់ចំណុចកើតហេតុ មិនប្រកាន់ស្តាំ ជ្រុលបុកជាមួយភាគីរថយន្តALPHARD បើកច្រាសទុសគ្នា បណ្តាលឱ្យបោកផ្ទប់ដើមឈើ ចំណែករថយន្តLAND CRUISER ធ្លាក់ផ្លូវ រងរបួស៧នាក់ ស្រី៥នាក់ ខូចខាតរថយន្តទាំង២គ្រឿងដំណំ ។

ក្រោយកើតហេតុជនរងគ្រោះទាំង៧នាក់ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ចំណែករថយន្តត្រូវបាននគរបាលស្ទូជយកទៅរក្សាទុកនៅអធិការស្រុក រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.