ភ្នំពេញ ៖ រថយន្តមួយគ្រឿងដឹកទំនិញ អុីវ៉ាន់គ្រឿងជ័យ កែវ ចានស្នោ ដោយការដឹកជញ្ជូនខ្វះការប្រុងប្រយ័ត្ន គ្មានសណ្តាប់ធ្នាប់ កំពុងបើកបរស្រាប់តែដាច់ធ្លាក់ រានដែកខាងក្រោយ កកិតនឹងថ្នល់ បែកផ្កាភ្លើង បង្កឱ្យឆេះដល់គ្រឿងជ័រ ផ្អើលនាំគ្នាពន្លត់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តមួយគ្រឿងខាងលើ ម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ បាត់ដំបង 3A-4311 ដឹកអុីវ៉ាន់ គ្រឿងជ័យ កែវជ័រ ប្លាស្ទិច ចានស្នោ តែរថយន្តមាន ត រានដែកលយមកក្រោយលើសពីទ្រុង ដើម្បីដឹកអុីវ៉ាន់ឱ្យបានច្រើន ។

តាមម្ចាស់អ្នកបើកបររថយន្ត បានឱ្យដឹងថា មុនកើតហេតុរថយន្តដឹកកែវជូរ ចានស្នោ ចេញពីរោងចក្រផលិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ គោលបំណងយកទៅខេត្តកំពង់ធំ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូងទៅជើង មិនដឹងថាដាច់ធ្លាក់រានដែក ខាងក្រោយពីពេលណា កកិតនឹងថ្នល់ បង្កឱ្យបែកផ្លាភ្លើង ឆេះគ្រឿងជ័រ បើកដល់ចំណុចកើតហេតុ បានអ្នកជិះម៉ូតូតាមផ្លូវស្រែកប្រាប់ ទើបឈប់រថយន្ត ផ្អើលឆោឡោ នាំគ្នាពន្លត់ភ្លាមៗ ។

ករណីខាងលើ បង្កឱ្យខូចខាតអុីវ៉ាន់ គ្រឿងជ័របន្តិចបន្តួច មិនបង្កឱ្យអ្នកណារងរបួសឡើយ ស្រាយកេសអុីវ៉ាន់ដាក់ចុះ ពិនិត្យឡើងវិញ រួចលើកដាក់រៀបសារថ្មី ដើម្បីបន្តដំណើរទៅទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.