ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ម្នាក់ជាមនុស្សចាស់ ម្នាក់ជាក្មេង ប្រើល្បិចធ្វើជាទិញជ្រក់ជើងមាន់ ឆ្លៀតឱកាស ជនសង្ស័យជាក្មេងលបចូលទៅពីក្រោយ ឡើងលួចកាបូបលុយ បានសម្រេច គេចខ្លួនបាត់ស្រមោល អស់ជាង១ពាន់ដុល្លារ និងទូរស័ព្ទ I phone 13 pro max មួយគ្រឿង កាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវQMI ច្រកចូលផ្សារឯករាជ្យ២ ភូមិព្រៃព្រីងជើង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនសង្ស័យជាមនុស្សចាស់ម្នាក់ ជិះម៉ូតូអត់ស្លាកលេខ ប្រើល្បិចទៅរកទិញជ្រក់ជើងមាន់ ច្រកវិចខ្ចប់ហើយ ស្ត្រីរងគ្រោះ កាន់ដើរយកទៅឱ្យ ជនសង្ស័យកំពុងអង្គុយលើម៉ូតូស្រាប់ ជាឱកាសជនសង្ស័យជាក្មេងម្នាក់ទៀត លបចូលទៅពីក្រោយ ដាក់កៅអីជ័រ ជាន់ឡើង យកកាបូបលុយ បានសម្រេច រត់គេចទៅបាត់ ចំណែកជនសង្ស័យម្នាក់ទៀតក៏ជិះម៉ូតូគេចទៅបាត់ ។

ក្រោយពីដឹងថាបាត់កាបូបលុយ អស់ជាង១ពាន់ដុល្លារ និងទូរស័ព្ទ I phone 13 pro max មួយគ្រឿង ផ្អើលឆោឡោ ឆែកមើលតាមរយៈកាមេរ៉ាសុវត្តិភាព ទើបដឹងថា ជនសង្ស័យគ្នា២នាក់ ម្នាក់ប្រើល្បិចរកទិញ ម្នាក់បន្លំចូលលួច ។ ជនរងគ្រោះ ក្រោយកើតហេតុ ទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ចោមចៅទី៣ ដើម្បីឱ្យសមត្ថកិច្ចជួយស្រាវជ្រាវ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.