ភ្នំពេញ ៖ បុរស២នាក់សុទ្ធតែស្រវឹង ជិះម៉ូតូឌុបគ្នា បត់លឿនជ្រុលទៅបុកបង្គោលគីឡូម៉ែត្រ នៅចិញ្ចើមផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ របួសស្រាលម្នាក់ ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ៣ ចំណុចភ្លើងស្តុប មុខវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ គឹម ណៃ ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរកម្មករសំណង់ មានទីលំនៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ មានស្រុកកំណើតនៅខេត្តកំពង់ចាម ជាអ្នកបើកម៉ូតូ ហុងដាគុបជ្រុង គ្មានស្លាកលេខ រងរបួសធ្ងន់ សន្លប់បាត់ស្មារតី ។ ទី២ អ្នករួមដំណើរជាមួយ ឈ្មោះ សួង ប៊ុនហេង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិក្រាំងពង្រ ឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ រងរបួសស្រាល ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះទាំង២នាក់ ជិះម៉ូតូឌុបគ្នា តាមផ្លូវបេតុងព្រៃស ពីកើតទៅលិច ឆ្លងស្តុបផ្លូវជាតិលេខ៣ វត្តស្លែង បត់ឆ្ពោះទៅត្បូង តែជិះបត់លឿនជ្រុល ទៅបុកបង្គោលគីឡូម៉ែត្រ បណ្តាលឱ្យរងរបួសធ្ងន់ម្នាក់ ស្រាលម្នាក់ ។

ក្រោយកើតហេតុជនរងគ្រោះទាំង២នាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជូននៅប៉ុស្តិ៍ ៕

អត្ថបទ÷តាតុងសែនជ័យ

Share.