ថ្វី​ត្បិត​​ឆ្នាំ​២០២៤​ គឺជា​សម័យ​បច្ចេកវិទ្យាទំនើប​និង​ទាន់​សម័យ​ក្ដី​ ប៉ុន្តែ​​ទំនៀមទំលាប់​និង​អបិយជំនឿនៅតែ​ចាក់​ ឬស​គល់​យ៉ាង​ជ្រៅ​នៅក្នុង​សង្គម​ខ្មែរ​ជាពិសេស​គឺ​បងប្អូន​អ្នក​សៀមរាប​ ឬ​ខ្មែរអង្គរ​ ​នៅ​តែបន្តគោរព​និង​អនុវត្ត​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​​ប្រពៃណី​មួយ​ចំនួន​​ ដែល​បងប្អូន​​ខេត្ត​ផ្សេងៗ ស្ទើរតែបាត់បង់សាបសូនទៅ​ហើយ​។ ​

ថ្មីៗ​នេះ​ ដោយសារ​តែ​ខែ​ចែត្រ​នា​រដូវ​ប្រាំង​មេឃ​ក្ដៅ​ស្ងួតហួតហែង​ខ្លាំង​ខុស​ប្រក្រតី ទើបអ្នក​ភូមិ អ្នក​ស្រុក​បាន​ស្រុះ​ស្រួល​មូល​មតិគ្នា​រក​វិធី​ធ្វើ​យ៉ាង​ណា​ឱ្យ​មេឃ​មាន​ភ្លៀង ទៅតាម​មធ្យោបាយ និង​លទ្ធភាព​ផ្សេងៗ​ដែល​ខ្លួន​មាន​និង​ខ្លួន​ដឹង ពិសេស​គឺ​អនុវត្ត​ទៅ​តាម​ទំនៀមនិង​ទំលាប់​នៃ​ភូមិ​នីមួយៗ​។

ដូច​ករណី​អ្នក​ភូមិ​ចំនួន​២ មួយ​គឺ​អ្នក​ភូមិ​ព្រៃជ្រូក ភូមិដូនតុក ភូមិកិត្តិយស ស្រុកពួក ខេត្តសៀមរាប បាន​នាំ​គ្នា​រាំសុំទឹកភ្លៀងលោកតា ដែល​គេ​ហៅ​ឈ្មោះ​ថា​ រាំនាងម៉ែវសុំ​ទឹក​ភ្លៀង​ ដើម្បី​បាន​ត្រជាក់ត្រជុំ​ផង និង​បាន​ទឹក​សម្រាប់​​ធ្វើ​ស្រែ​ និង​មួយទៀត​គឺ​នៅ​ភូមិ​ស្រែចង្ហូត ឃុំ​រុនតា​ឯក​ ស្រុក​បន្ទាយ​ស្រី​ ដោយ​អ្នក​ភូមិ​បាន​ជួបជុំ​គ្នា​ធ្វើ​ពិធីសុំ​ទឹក​ភ្លៀងនៅ​ប្រាសាទ​លាក់នាង​ (នៅខាងជើង​ភ្នំបូក) កាល​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី ២៥កន្លង​ទៅ​ ដោយ​មាន​រៀបចំ​កិច្ច​ផ្សេងៗ​ពី​បុរាណ​ ក្នុងគោលបំណង​សុំទឹកភ្លៀងច្រើនគ្រប់គ្រាន់ និងសុំសេចក្ដីសុខដល់អ្នកភូមិគ្រប់ៗគ្នា។

ទាំង​នេះ​គឺជា​​ប្រពៃណីទំនៀមទំលាប់​ដ៏ល្អផូរផង់របស់​អ្នក​ភូមិ​ស្រុក​រស់​នៅ​តំបន់​អង្គរ​ ហើយ​នេះ​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​អត្ថប្រយោជន៍​នៃ​ប្រាសាទ​បុរាណ​និង​បូជនីយដ្ឋាន​ទាំង​ឡាយ​ដែល​ដូន​តា​បាន​សាងសង់​បន្សល់​ទុក​សម្រាប់​ធ្វើ​កិច្ច​ពិធី​ផ្សេងៗ​ទៅតាម​ទំនៀម​ទំលាប់​ ហើយ​ត្រូវ​តាម​ទេសកាល​ផងដែរ​។

សកម្មភាព​ទាំង​អស់​នេះ​ គេ​ហៅថា​ «បេតិកភណ្ឌរស់» ប្រាសាទ​នៅមាន​ ព្រលឹង គឺ​មាន​ជីវិត រីឯ​ជំនឿ ត្រង់​ជឿ ឬ​មិនចង់​ជឿ មាន​ពិត ឬ​មិន​ពិត​ មិន​ជា​បញ្ហា​ចោទនោះឡើយ ព្រោះ​អាស្រ័យ​ទៅ​តាម​បុគ្គល​រៀងៗ​ខ្លួន​ ប៉ុន្តែ​អ្វីដែល​សំខាន់​បំផុត​គឺ ការ​រក្សា​ឱ្យ​បាន​គង់វង្សនូវ ប្រពៃណី វប្បធម៌ របស់​អ្នកភូមិ​​អ្នក​ស្រុក​ ព្រោះ​គេ​ធ្វើ​ឡើង​នេះ​ដើម្បី​សេចក្ដីស្ងប់សុខ​ផ្លូវចិត្ត ដើម្បី​សេចក្ដីសុខ​ក្នុង​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​នៃ​អ្នក​រស់​នៅ​ក្នុង​សហគមន៍ និង​សង្គម​ទាំងមូលផងដែរ៕

Share.