ភ្នំពេញ ៖ ស្ត្រី២នាក់បងប្អូនជាកូនភ្លោះ កើតជម្លោះផ្ទុះសង្គ្រាមសម្តី ព្រោះតែរឿងស្នេហាត្រីកោណ ព្រោះខាងប្រុសស្រាញ់នាងបងហើយ លួចបេតី បង្កាត់ភ្លើងស្នេហ៍ជាមួយនាងប្អូនទៀត នាងជាបងខឹងចិត្តផឹកស្រវឹងជិះម៉ូតូទៅបម្រុងលោតទឹកសម្លាប់ខ្លួន តែត្រូវបានខាងប្រុស និងនាងជាប្អូន ទៅតាមដល់លើស្ពានជ្រោយចង្វារ ស្រាប់តែកើតជម្លោះសម្តី ផ្អើលសមត្ថកិច្ច ទៅជួយអន្តរាគមន៍ ជៀសវាងរឿងរ៉ាវកាន់តែធ្ងន់ទៅ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០យប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅលើស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា ស្ត្រីទាំង២នាក់ជាកូនភ្លោះ ហើយនាងបងស្រឡាញ់បុរសម្នាក់ រស់នៅដូចជាប្តីប្រពន្ធ ស្នេហាយូរ ទៅជាជូរផ្អូម នាងប្អូនបានប្រាប់ទៅនាងបង ថាបុរសខាងលើមិនកើតទេ បានស្រីច្រើន (ភាសារអុជអាលបំបែកបំបាក់ស្នេហ៍ ដើម្បីខ្លួនឯង) ទើបធ្វើឱ្យនាងជាបងខឹងច្រឡោត ឈ្លោះគ្នាជាមួយគូស្នេហ៍ តាំងពីខណ្ឌព្រែកព្នៅមកម្ល៉េះ ផ្ទុះរឿងកាន់តែខ្លាំង រហូតដល់ជិះម៉ូតូឡើងទៅលើស្ពានជ្រោយចង្វារ បម្រុងបញ្ចប់ជីវិតខ្លួនឯង ត្រូវបាននាងជាប្អូន និងតួរប្រុស នាំគ្នាជិះដេញតាមដល់លើស្ពាន មិនទាន់ដាច់ស្រេច លួងលោមមិនបាត់ កាន់តែក្តៅទ្វេរដង ផ្អើលពលរដ្ឋ សមត្ថកិច្ច ទៅអន្តរាគមន៍ សាកសួរ ទើបបែកធ្លាយ ជាស្នេហាត្រីកោណ បុរសខាងល់សារភាពផងដែរ ខ្លួនស្រឡាញ់ទាំង២នាក់ អត់មានចោលអ្នកណា យកអ្នកណាម្នាក់នោះទេ សុំយកទាំង២នាក់តែម្តង។

ស្ថានភាពជម្លោះនៅលើស្ពាន នាងជាបងចោទប្រកាន់ នាងជាប្អូន ញុះញង់បំបែកបំបាក់ស្នេហ៍ ដើម្បីយកប្តីរបស់ខ្លួនតែម្នាក់ឯង តែនាងប្អូនបានបដិសេធ ថាអត់ទេ រីឯតួរប្រុសវិញ សង្ស័យប៊ីចេងពេញខ្លួនហើយ ឆ្លើយយ៉ាងសើង ខ្លួនយកនាងៗទាំង២នាក់។

ដោយភាពចម្រូងចម្រាស់រវាង៣ភាគី ផ្អើលពេញលើស្ពាន ជៀសវាងរឿងកាន់តែវែងឆ្ងាយ សមត្ថកិច្ចមូលដ្ឋានហៅនាំអ្នកទាំង៣ ទៅនិយាយគ្នា អប់រំណែនាំនៅប៉ុស្តិ៍ ធ្វើយ៉ាងណាឱ្យចេញផុតពីលើស្ពាន៕

អត្ថបទ៖តាតុងសែនជ័យ

Share.