ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះលឿនព្យាយាមគេចពីរថយន្តហាយឡែនឌ័រ កំពុងបើកឆ្លងផ្លូវ ជ្រុលទៅបុខឿនចិញ្ចើមផ្លូវ ដួលខ្ទាតចូលរថយន្តដដែល បណ្តាលឱ្យរងរបួស កាលពីវេលាម៉ោង៧និង២០នាទីយប់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងព្រៃស ទល់មុខច្រកចូលបុរីពិភពថ្មី ចំការដូង២ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ បុរសរងគ្រោះជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ក្រហម ពាក់ស្លាកលេខ តាកែវ 1O-2185 ធ្វើដំណើរពីលិចទៅកើត ដល់ចំណុចកើតហេតុ ព្យាយាមគេចពីរថយន្ត ម៉ាកហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-5049 ដែលបើកពីកើតទៅលិច កំពុងបត់ឆ្វេងឆ្លងផ្លូវ បែជាម៉ូតូជ្រុលទៅបុកខឿនចិញ្ចើមផ្លូវ បណ្តាលឱ្យដួលខ្ទាតចូលរថយន្តហាយឡែនឌ័រវិញដដែល រងរបួស ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅពេទ្យដោយខ្លួនឯង ចំណែករថយន្តនិងម៉ូតូ ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ន រង់ចាំដោះស្រាយគ្នាពេលក្រោយ ៕

អត្ថបទ៖តាតុងសែនជ័យ

Share.