ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ បាក់ដៃ ជើងខាងស្តាំ បន្ទាប់ពីជិះម៉ូតូយ៉ាម៉ាហាម៉ូ លឿនជ្រុលទៅបុកជាមួយរថយន្តកំពុងបត់ឆ្វេងឆ្លងផ្លូវ ហើយរថយន្តបើកគេចទៅបាត់ កាលពីវេលាម៉ោង៦និង៥០នាទីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុងក្នុងភូមិសំរោងទាវ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ហើយមកដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ ទោះជាផេករបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ សុំឱ្យភាគីខាងរថយន្តចូលខ្លួនដោះស្រាយ យ៉ាងណាក្តី នៅតែមិនទាន់ឃើញនៅឡើយទេ។

ជនរងគ្រោះ គ្រាន់តែស្គាល់ឈ្មោះ ថយ សំណាង ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះកុសុមៈ ។

តាមនគរបាលបានឱ្យដឹងថា ជនរងគ្រោះជិះម៉ូតូ ម៉ាកយ៉ាម៉ាហាម៉ូ ពណ៌ខ្មៅ ធ្វើដំណើរតាមផ្លូវបេតុង ពីលិចទៅកើត ល្បឿនលឿន ដល់ចំណុចកើតហេតុ គេចមិនទាន់ជ្រុលបុកជាមួយរថយន្ត ម៉ាកJEEP WRANGLER ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា R.A.2626 បើកពីលិចទៅកើត ឈប់ហើយបត់ឆ្វេងបំណង់ឆ្លងផ្លូវ បណ្តាលឱ្យភាគីខាងម៉ូតូរងរបួសធ្ងន់ បាក់ដៃ ជើងខាងឆ្វេង ហើយរថយន្តបើកគេចទៅបាត់។

ក្រោយកើតហេតុជនរងគ្រោះត្រូវរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកសែនសុខ បានដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ បន្តស្រាវជ្រាវ ពិនិត្យឆែកកាម៉េរ៉ាសុវត្តិភាព នៅកន្លែងកើតហេតុ ស្គាល់ភិនភាគ ស្លាកលេខរថយន្ត ដែលបើកគេចទៅបាត់ ហើយត្រូវបានអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ប្រកាសផ្សព្វផ្សាយផងដែរ សុំឱ្យភាគីខាងរថយន្យចូលខ្លួនដោះស្រាយ ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ ក៏ប៉ុន្តែ មកដល់រសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ មិនទាន់ឃើញភាគីខាងរថយន្ត ចូលខ្លួនដោះស្រាយនៅឡើយទេ នេះបើតាមការបញ្ជាក់ពីលោកនាយផ្នែកចរាចរណ៍ ខណ្ឌសែនសុខ។

តែបើតាមក្រុមគ្រួសារជនរងគ្រោះ តាមរយៈទូរស័ព្ទ បានឱ្យដឹងយ៉ាងខ្លី នារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះថា ករណីខាងលើ បានបញ្ចប់ហើយ ដោយភាគីខាងរថយន្តចេញមុខដោះស្រាយជាមួយក្រុមគ្រួសាររបស់គាត់បញ្ចប់រឿង រួចចុចទូរស័ព្ទផ្តាច់បាត់៕

អត្ថបទ៖ តាតុងសែនជ័យ

Share.