សៀមរាប៖ នៅថ្ងៃទី២៩​ ខែ​មេសា ឆ្នាំ២០២៤នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាវត្តបូព៌ បានជូនដំណឹងដល់មាតាបិតា អាណាព្យាបាលសិស្ស ព្រមទាំងកូនៗសិស្សានុសិស្សទាំងអស់ ដែលកំពុងសិស្សានៅសាលាបឋមសិក្សាវត្តបូព៌ បានផ្លាស់ប្តូរពេលវេលាសិក្សាទាំងពេលព្រឹក និងពេលថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ ដោយអនុញ្ញាតឱ្យសិស្សរៀនពេលព្រឹក ចេញទៅផ្ទះនៅម៉ោង១០៖៣០នាទី ។ ចំណែកសិស្សរៀនពេលថ្ងៃ អនុញ្ញាតឱ្យចូលរៀននៅម៉ោង១៖៣០នាទីវិញ។

ជុំវិញការប្តូរពេលវេលាម៉ោងសិក្សារបស់សាលាបឋមសិក្សាវត្តបូព៌នេះ បានធ្វើឱ្យសាធារណជន កោតសរសើរ ចំពោះសាលាបឋមសិក្សាវត្តបូព៌ ជាសាលាឈានមុខ ដែលប្រកាសអនុញ្ញាតឱ្យសិស្សានុសិស្សចេញពីរៀនមុនម៉ោង ក្នុងអំឡុងអាកាសធាតុក្តៅខ្លាំង ដោយខ្លះបានចូលឆ្លើយតបអគុណលោកគ្រូ អ្នកគ្រូ​ លោកនាយកសាលា ដែលយកចិត្តទុកដាក់ និងបារម្មណ៍អំពីកូនសិស្ស​ ​ដោយខ្លះបានសុំឱ្យសាលាផ្សែងៗទៀត គួរធ្វើដូចសាលាបឋមសិក្សាវត្តបូព៌នេះដែរ ព្រោះថ្ងៃក្តៅខ្លាំងណាស់ម៉ោង4-5ល្ងាចហេីយនៅក្តៅ38-39នៅឡេីយទេ​។

សូមជំរាបថាការផ្លាស់ប្តូរ ពេលវេលាសិក្សារបស់ ដោយសារតែគណៈគ្រប់គ្រងសាលាយល់ឃើញថា អាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា នារដូវប្រាំងឆ្នាំនេះ មានការកើនឡើងកម្តៅខ្លាំង។ ជាក់ស្តែងក្រសួងធនធានទឹក និងឧតុនិយម នាពេលកន្លងទៅក៏បានបញ្ជាក់អំពីស្ថានភាពអាកាសធាតុរដូវប្រាំងឆ្នាំនេះ មានសីតុណ្ហភាពកើនឡើងខ្លាំង ពោលគឺសីតុណ្ហភាពក្ដៅកើនឡើងជាងឆ្នាំកន្លងទៅ និងក្តៅជាងឆ្នាំ២០២៣ ដោយសីតុណ្ហភាពមធ្យមអតិបរមា ៣៧°Cនិង សីតុណ្ហភាពអតិបរមាខ្ពស់បំផុតរង្វង់ ៤១°C នៅក្នុងខែមេសា និងដើមខែឧសភា។

អត្ថបទ៖ សង្គម

Share.