ភ្នំពេញ ៖ រថយន្តធុនធំសណ្តោងរុឺម៉កមួយគ្រឿង បួងចង្កូតបត់ជ្រុលទៅបុកស្លាកប៉ាណូ របស់ស្ថានីយ៍ប្រេង បណ្តាលឱ្យរងខូចខាតបាក់បែកខ្ទេច កាលពីវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នៅផ្លូវជាតិលេខ៤ កែងផ្លូវកប់ស្រូវ ចំណុចស្ពានអាកាសជម្ពូវ័ន ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកSHACMAN ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-4270 សណ្តោងរឺម៉ក ពាក់ស្លាកលេខ ភ្នំពេញ 4A-8988 បើកបរដោយឈ្មោះ លី ពិសារ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ បើកបររថយន្ត មានទីលំនៅភូមិគោចិនលែង ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ រថយន្តបើកតាមផ្លូវកប់ស្រូវ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ស្តាំឆ្លងស្តុប ផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច តែបួងចង្កូតជ្រុល ទៅបុកស្លាកប៉ាណូ របស់ស្ថានីយ៍ប្រេង បណ្តាលឱ្យ រងខូចខាតបាក់បែកខ្ទេច ។

ក្រោយកើតហេតុ ភាគីខាងរថយន្តនិងម្ចាស់ស្ថានីយ៍ សម្របសម្រួលគ្នា ដោយទាមទារសំណង១៧០០ដុល្លារ ជជែកតវ៉ាចុះនៅសល់ត្រឹម១០០០ដុល្លារ តែខាងរថយន្តពុំមានលុយ រងចាំចាំក្រុមហ៊ុនរថយន្ត ទៅដោះស្រាយគ្នា ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.