សិល្បៈជាតិ៖ អ្នកជំនាញម្ហូបខ្មែរចុងភៅ រស់ រតនៈ មានគោលដៅផ្លាស់ប្ដូរផ្នត់គំនិតបរទេសចងចាំរូបភាពកម្ពុជាពីស្រមោលអន្ធការដ៏សែនឃោរឃៅក្នុងសម័យខ្មែរក្រហម តាមរយៈរសជាតិម្ហូបខ្មែរ។

អ្នកជំនាញម្ហូបខ្មែរ ចុងភៅ រស់ រតនៈ ឬអ្នកគាំទ្រគ្រប់គ្នាហៅអ្នកនាងថា Chef Nak បានលើកឡើងទាំងអារម្មណ៍ក្ដុកក្ដួលអួលដើមកនៅក្នុងកម្មវិធីសម្ភាស Talk Show មួយថា ជាមួយការផលិតសៀវភៅម្ហូបខ្មែរ សោយ ឱ្យមានសោភ័ណ្ឌទាក់ទាញ និងទទួលស្គាល់នៅឆាកអន្តរជាតិហើយនោះ អ្នកនាងគឺមានគោលដៅផ្លាស់ប្ដូរផ្នត់គំនិតជនបរទេសដែលធ្លាប់ស្គាល់ និងចងចាំរូបភាពកម្ពុជាពីស្រមោលអន្ធការដ៏សែនឃោរឃៅក្នុងសម័យខ្មែរក្រហម មកចាប់អារម្មណ៍រូបភាពល្អៗពីកម្ពុជាតាមរយៈរសជាតិម្ហូបខ្មែរ។

សូមជម្រាបថា វីដេអូសម្ភាសន៍អ្នកនាង រស់ រតនៈ ដែលបានលើកឡើងដូចខាងលើនេះ គឺបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមទំនាក់ទំនងសង្គមកាលពីថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៤ ហើយសាររបស់អ្នកនាងមួយនេះក៏ជាការផ្ដាំផ្ញើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបក្នុងការចូលរួមចំណែក និងរួមគ្នាជ្រើសរើសរឿង ឬរូបភាពល្អៗផ្សព្វផ្សាយពីកម្ពុជា ហើយលុបបំបាត់ និងកុំចូលរួមផ្សព្វផ្សាយពីរូបភាពឬ រឿងមិនល្អធ្លាប់ផ្សាយពីកម្ពុជាចេញពីពិភពលោកផងដែរ៕

Share.