កណ្តាល ៖ យុវជន២នាក់បងប្អូន ជិះម៉ូតូស្កុបពី លឿនវ៉ាជែងជ្រុលទៅបុកពីមុខរថយន្តកូរ៉េដឹកកម្មករ បណ្តាលឱ្យរងរបួសធ្ងន់ទាំង២នាក់ កាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅតាមផ្លូវជាតិលេខ២ ក្នុងភូមិបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ សេង ម៉េងសុង ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅ ភូមិចំបក់ត្រប់ ឃុំព្រែករកា ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ជាអ្នកបើកម៉ូតូស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HS-8474 ឌុបប្អូនប្រុស ឈ្មោះ សេង ម៉េងស៊ឺ អាយុ១៨ឆ្នាំ មានទីលំនៅជាមួយគ្នា ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មុនកើតហេតុជនរងគ្រោះជិះម៉ូតូលឿនពីត្បូងទៅជើង ដល់ចំណុចកើតហេតុ វ៉ាជែងជ្រុលទៅបុកពីមុខរថយន្ត កូរ៉េ ម៉ាកហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3F-9705 បើកពីជើងទៅត្បូង ទើបវិលត្រឡប់មកពីដាក់កម្មករ នៅរោងចក្រ បណ្តាលឱ្យយុវជនទាំង២នាក់បងប្អូនរងរបួសធ្ងន់ អ្នកបើកបររថយន្ត ចុះគេចខ្លួនបាត់ ។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់ប្រតិបត្តិស្រុកកណ្តាលស្ទឹង ដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន៕

អត្ថបទ៖ តាតុងសែនជ័យ

Share.