ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គិតត្រឹមល្ងាចថ្ងៃពុធ ទី១ ខែឧសភា យ៉ាងហោចណាស់មនុស្ស ២៤នាក់បានស្លាប់ បន្ទាប់ពីផ្នែកមួយនៃផ្លូវហាយវេមួយកន្លែងបានដួលរលំ ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA កាលពីល្ងាចថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤។

ចុចអាន៖ បា.ក់ផ្លូវហាយវេនៅភាគខាងត្បូងប្រទេសចិន ផ្ដា.ច់ជីវិ.តមនុស្សជិត ២០នាក់

ទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua បាននិយាយថា ផ្លូវហាយវេ រវាងទីក្រុង Meizhou និងស្រុក Dabu ក្នុងខេត្ត Guangdong បានបាក់រលំនៅម៉ោងប្រហែល ២:១០នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) កាលពីថ្ងៃពុធ។ ឧបទ្ទវហេតុ​នេះ​បាន​បណ្តាល​ឲ្យ​រថយន្ត​ចំនួន ២០គ្រឿង​ជាប់​គាំង និងប៉ះពាល់​មាន​មនុស្ស​សរុប ៥៤នាក់​។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Xinhua បាននិយាយថា «គិតត្រឹមម៉ោង ៣រសៀល (ម៉ោងក្នុងស្រុក) ថ្ងៃពុធ មនុស្សចំនួន ២៤នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ ហើយមនុស្ស ៣០នាក់ទៀតកំពុងទទួលបានការព្យាបាល និងសង្គ្រោះបន្ទាន់ទាំងអស់នៅក្នុងមន្ទីរពេទ្យ។

ទាក់ទិននឹងបញ្ហានេះ ក្រុមការងារសង្គ្រោះ កំពុងបន្តជួយ និងរើយកកំទេចកំទីចេញ បន្ថយការកកស្ទះចរាចរណ៍ ខណៈចំណុចដែលខូចខាតនោះ ត្រូវបានបិទមិនឱ្យធ្វើចរចារណ៍ជាបណ្តោះអាសន្នទាំងទៅទាំងមក។

ដោយឡែកទូរទស្សន៍ CCTV បាននិយាយថា «ការបាក់រលំនេះ គឺជាគ្រោះមហន្តរាយភូមិសាស្ត្រធម្មជាតិ… ដែលបានកើតឡើង ក្រោមឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា អាជ្ញាធរបានបញ្ជូនមនុស្សប្រហែល ៥០០នាក់ទៅកាន់កន្លែងកើតហេតុ ដើម្បីជួយក្នុងប្រតិបត្តិការជួយសង្គ្រោះខាងលើនេះ។

សូមជម្រាបថា ខេត្ត ក្វាងទុង ជាតំបន់រោងចក្រថាមពលឧស្សាហកម្មដែលមានប្រជាជនរស់នៅច្រើន ត្រូវបានវាយប្រហារដោយព្យុះភ្លៀងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលបណ្តាលឱ្យមានទឹកជំនន់ធ្ងន់ធ្ងរ និងការបាក់ដីនៅក្នុងតំបន់មួយចំនួន៕

ប្រភព៖ CNA

Share.