ប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍នាថ្ងៃព្រហស្បតិ៍ (០២ ឧសភា) ថា ចំនួនអ្នកស្លាប់ដោយសារការបាក់ផ្លូវហាយវេក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេសចិន បានកើនឡើងដល់ ៣៦នាក់ហើយ ខណៈការងារជួយសង្គ្រោះនៅតែបន្ត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២ ខែឧសភា ឆ្នាំ២០២៤។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua បានឱ្យដឹងថា ភ្លៀងធ្លាក់ខ្លាំងបានបណ្តាលឱ្យផ្លូវហាយវេពីទីក្រុង Meizhou ឆ្ពោះទៅកាន់ស្រុក Dabu បានបាក់រលំកាលពីវេលាម៉ោង ២:១០នាទីទៀបភ្លឺ (ម៉ោងក្នុងស្រុក) ថ្ងៃពុធ សប្ដាហ៍នេះ។

ឧបទ្ទវហេតុនោះ បានបង្កឱ្យយានយន្ត ២០គ្រឿងត្រូវជាប់គាំង ហើយប៉ះពាល់ដល់មនុស្សសរុប៥៤នាក់។ ទីភ្នាក់ងារ Xinhua បានគូសបញ្ជាក់ដូច្នេះថា «គិតត្រឹម ម៉ោង៥៖៣០នាទីព្រឹក ថ្ងៃទី២ ខែឧសភា មានមនុស្ស៣៦នាក់ បានស្លាប់ ខណៈ៣០នាក់រងរបួស និងបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ»។

ចំពោះមូលហេតុនៅពីក្រោយការបាក់ស្រុតកំណាត់ផ្លូវហាយវេ S12 ត្រូវបានបញ្ជាក់ថា បង្កឡើងដោយគ្រោះធម្មជាតិបណ្ដាលមកពីភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានសប្ដាហ៍មកនេះនៅក្នុងខេត្ត ក្វាងទុង ភាគខាងត្បូងប្រទេសចិន៕

ប្រភព៖ CNA

Share.