ភ្នំពេញ៖ យុវជន១ក្រុម ទើបតែចេញពីកម្មវិធីខួបកំណើត ធ្វើដំណើរតាមផ្លូវជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញ ស្រាប់តែត្រូវក្មេងស្ទាវមួយក្រុមគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ដេញតាមកាប់បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤។
ទីតាំងកើតហេតុ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភ្នំពេញ-ហាណូយ ស្ថិតនៅក្នុងមូលដ្ឋាននៃសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពពីក្រុមជនរងគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុ គាត់និងជនរងគ្រោះជិះម៉ូតូឌុបគ្នាចេញពីកម្មវិធីខួបកំណើតមិត្ត នៅម្តុំមហាវិថីវិមានឈ្នះឈ្នះ ដោយជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស្លាកលេខក្រចេះ-5595 ។ លុះជិះម៉ូតូឌុបគ្នាតាមផ្លូវ ដោយមានមិត្តផ្សេងទៀតជិះម៉ូតូនៅខាងមុខ ធ្វើដំណើរទៅមុនប្រមាណជាង២០ម៉ែត្រ តាមបណ្តោយផ្លូវបេតុងហាណូយ ពីជើងទៅត្បូង ស្រាប់តែមានយុវជន១ក្រុមទៀត មានគ្នា៥នាក់ ជិះម៉ូតូ២គ្រឿង ប្រដាប់ទៅដោយដុំថ្ម និងដាវយ៉ាងមុតស្រួច ដេញតាមកាប់ពួកគាត់ពីក្រោយខ្នងតែម្តង។

ជនងរងគ្រោះម្នាក់ដែលជាអ្នកឌុបបានបន្តថា ខ្លួនអង្គុយខាងមុខ ចំណែកអ្នករបួសអង្គុយពីក្រោយ ពេលជិះម៉ូតូរត់គេចជិតដល់វត្តអន្លង់ក្ងាន ក៏បានផ្តួលម៉ូតូនាំគ្នារត់ចែកជើងគ្នា ដោយគាត់រត់ចូលវត្ត ចំណែកមិត្តរបស់គាត់ម្នាក់ទៀត រត់ទៅម្ខាងទៀត ស្រាប់តែត្រូវក្រុមជនបង្កដេញកាប់រងរបួសដៃ ចំណែកម៉ូតូត្រូវបានជនបង្កកាប់យកស្លាកលេខ រួចឡើងម៉ូតូជិះរត់គេចបាត់អស់។

ក្រោយកើតហេតុ ជនរងគ្រោះ ត្រូវបានគ្នីគ្នាដែលមកជាមួយ បានជូនទៅកាន់មន្ទីរពេទ្យដែលនៅក្បែរនោះដើម្បីសម្រាកព្យាបាលរបួស បន្ទាប់មកសមត្ថកិច្ចមកដល់ពេទ្យធ្វើការសាកសួរនាំ និងពិនិត្យមើលស្នាមរបួស ស្រាប់តែឃើញស្នាមដាវ ចំនួន៣ឆ្នូតជាប់នៅលើមួកការពាររបស់ជនរងគ្រោះ ដោយសំណាងជនរងគ្រោះពាក់មួកការពារ ទើបអោយជនរងគ្រោះម្នាក់ទៀតដែលគ្មានរបួសនាំទៅបង្ហាញទីតាំងដែលត្រូវគេកាប់ រួចធ្វើការសាកសួរនាំ អោយជនរងគ្រោះទៅដាក់ពាក្យបណ្តឹងដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ៖ត្រយងតូច

Share.