សម្ដេច​ធិបតី ស្នើ​ឲ្យ​ក្រុមហ៊ុន​ធំៗ ដែល​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា បើក​ឱកាស​ឲ្យ​យុវជន​ខ្មែរ ដែល​បាន​ឆ្លង​កាត់ និង​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​ពាក់ព័ន្ធ​បាន​ចូល​ធ្វើ​ជា​កម្មសិក្សាការី ឬ​អ្នក​ហាត់​ការងារ ដើម្បី​រៀន​សូត្រ​បង្កើន​ជំនាញ​បន្ថែម​ទៀត ដោយ​សហការ​ជា​មួយ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ដែល​កំពុង​អនុវត្ត​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​ក្នុង​ការ​បណ្ដុះបណ្ដាល​ជំនាញ​វិជ្ជាជីវៈ និង​បច្ចេកទេស​ដល់​យុវជន​កម្ពុជា សំដៅ​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ទីផ្សារ​ការងារ និង​ទាក់ទាញ​ការ​វិនិយោគ​ពី​ក្រុមហ៊ុន​ធំៗ​កាន់​តែ​ច្រើន​។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា មាន​ប្រសាសន៍​បែប​នេះ ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវ​ការ​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្ត​តូយ៉ូតា​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​រ៉ូយ៉ាល់​គ្រុប រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​ឧសភា ឆ្នាំ២០២៤​។

សម្ដេច​ធិបតី បាន​គូស​បញ្ជាក់​ថា រាជរដ្ឋាភិបាល​តែង​ចាត់​ទុក​វិស័យ​ឯកជន​ជា​ក្បាល​ម៉ាស៊ីន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និង​ជា​ដៃគូ​សំខាន់​ក្នុង​ការ​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ ការ​បង្កើត​គំនិត​ច្នៃ​ប្រតិស្ឋ ការ​លើក​កម្ពស់​ផលិតភាព ការ​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ក្នុង​ទីផ្សារ​តំបន់ និង​ទីផ្សារ​សកល​។ ជា​មួយ​គ្នា​នេះ ការ​ដាក់​ទុន​វិនិយោគ​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ មក​កាន់​កម្ពុជា បាន​ផ្ដល់​នូវ​លទ្ធភាព​ក្នុង​ការ​ផ្ទេរ​បច្ចេកវិទ្យា​ទំនើបៗ ចូល​មក​កម្ពុជា​ក្នុង​ទម្រង់​ពីរ គឺ ទី១ ហេដ្ឋារចនាសម្ព័ន្ធ សម្ភារៈ​បច្ចេកទេស និង​គ្រឿងយន្ត​, ទី២ គឺ​ធនធាន​មនុស្ស ដែល​ត្រូវ​ធ្វើ​ការ​បណ្ដុះបណ្ដាល និង​ទទួល​បាន​បទពិសោធន៍​ថ្មីៗ តាម​រយៈ​ការងារ​។

សម្ដេច​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លើក​ទឹកចិត្ត​ឲ្យ​ក្រុមហ៊ុន​បច្ចេកវិទ្យា ដែល​បាន​ដាក់​ទុន​វិនិយោគ​មក​កម្ពុជា មិន​ត្រឹម​តែ​ដើរ​តួនាទី​ផលិត និង​ធ្វើ​ពាណិជ្ជកម្ម​ប៉ុណ្ណោះ​ទេ ជា​មួយ​គ្នា​នេះ​ក៏​ត្រូវ​តែ​ដើរ​តួនាទី​ជា​ថ្នាល​បណ្ដុះ​ធនធាន​មនុស្ស ដើម្បី​ការពារ ជំរុញ​លើកទឹកចិត្ត បង្ក​លក្ខណៈ​ល្អ​ប្រសើរ ដើម្បី​ឲ្យ​វិស័យ​បច្ចេកវិទ្យា​នៅ​កម្ពុជា​កាន់​តែ​រីកចម្រើន​ផងដែរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.