ភ្នំពេញ៖ អគ្គិភ័យឆាបឆេះសំរាមក្នុងដីឡូត៍មួយកន្លែងផ្សែងខ្មួលខ្មាញ់ហុយងងឹតមេឃ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាយកទឹកទៅជះពន្លត់ និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងចេញជួយបាញ់ពន្លត់ការពារឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ កាលវេលាម៉ោង១រសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីឡូត៍មួយកន្លែង ភូមិ ថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុមានមនុស្សទៅដុតសម្រាមបណ្ដាលឱ្យឆេះរាលដាលដល់ថង់ កៅស៊ូកង់ឡាន ហ៊ុយផ្សែងខ្មួរខ្មាញ់ បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងនាំគ្នាចេញទៅជួយពន្លត់ និងរាយការណ៍ជូនទៅសមត្ថកិច្ចសុំរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍បាញ់ពន្លត់ឱ្យរលត់ទៅវិញភ្លាមៗ មិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿងគ្រប់គ្រងស្ថានការបានទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសួររកអ្នកដុតសំរាម ដើម្បីយកយកមកអប់រំ ប៉ុន្តែជនសង្ស័យបានគេចខ្លួនបាត់ស្រមោល ។ខណៈនោះអាជ្ញាធរក៏បានធ្វើការណែនាំអប់រំដល់ប្រជាពលរដ្ឋនៅក្បែរនោះកុំឱ្យដុតសំរាមផ្តេសផ្ដាស់ជៀសវាងបង្កជាអគ្គិភ័យ ពីព្រោះពេលនេះជារដូវក្ដៅសំរាមស្ងួតងាយនិងឆាបឆេះ៕

អត្ថបទ៖ សេង សាវី

Share.