នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​បន្ថែម​លើ​សេចក្ដី​ប្រកាស​ព័ត៌មាន ដោយ​ព្រមាន​ថា មិន​ត្រូវ​មាន​ចេតនា​កេង​ចំណេញ​ផ្នែក​នយោបាយ ឬ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រុម​ណាមួយ លើ​ពលីកម្ម​របស់​យុទ្ធជន​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នេះ​ឡើយ​។

តាម​រយៈ​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ទី​១ ខែ​ឧសភា ឆ្នាំ​២០២៤ នេះ ក្រសួង​ការពារ​ជាតិ ស្នើ​ដល់​សាធារណជន ព្រមទាំង​អ្នក​សារព័ត៌មាន​ជាតិ និង​អន្តរជាតិ បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ​ចាស់​ៗ​នៅ​ទីបញ្ជាការ​ភូមិភាគ​៣ ដោយ​ធ្វើ​ការ​សន្និដ្ឋាន ឬ​យល់​ឃើញ​ណា​មួយ ដោយ​បុគ្គល​ផ្ទាល់​ខ្លួន មិន​មាន​មូលដ្ឋាន​ច្បាស់លាស់ ឬ​មាន​ចេតនា​បង្ក​ចលាចល ញុះញង់ នាំ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ច​សង្គម ដែល​ឈាន​ទៅ​ដល់ ការ​ទទួល​ខុសត្រូវ​ចំពោះ​មុខ​ច្បាប់​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ធ្វើ​ឡើង ក្រោយ​ពី​លោក សម រង្ស៊ី ជា​អ្នក​នយោបាយ​ជាប់​ពិរុទ្ធ​បង្ហោះ ព័ត៌មាន​មិន​ពិត ដោយ​មាន​ចេតនា​ប្រើ​ហេតុការណ៍​នេះ ដើម្បី​កេង​ចំណេញ​នយោបាយ​។ ខ្លឹមសារ​នៃ​សារ​របស់​លោក សម រង្ស៊ី បាន​កាឡៃ​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់ ទៅ​ជា​ចលនា​ប្រដាប់​អាវុធ​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ដែល​ដឹកនាំ​ដោយ​សម្ដេច​ធិបតី​ហ៊ុន ម៉ាណែត ទៅ​វិញ​។

សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​សា​ជា​ថ្មី​ថា  ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ នៅ​ទីបញ្ជាការ​ភូមិភាគ​៣ គឺ​ជា​បញ្ហា​បច្ចេកទេស ដោយសារ​ប្រភេទ​អាវុធ​ជាតិ​ផ្ទុះ​ចាស់ៗ ខូច​គុណភាព រួម​ជា​មួយ អាកាសធាតុ​ឡើង​កម្ដៅ មិនមែន​ជា​បញ្ហា​កងទ័ព​បះបោរ អំពើ​ភេរវកម្ម ឬ​ចេតនា​របស់​បុគ្គល​ណា​មួយ​ដូច​បាន​បំផ្លើស​ឡើយ​។

បើ​ទោះ​បី​ជា ហេតុការណ៍​នេះ​បាន​កន្លង​ទៅ​យូរ​ថ្ងៃ​ហើយ​ក្ដី សារព័ត៌មាន​មួយ​ចំនួន​នៅ​តែ​បន្ត​ជីក​កកាយ​រក​រឹះ​គល់​នៃ​មូលហេតុ​កាន់​តែ​លម្អិត ដើម្បី​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​មិន​ងាយ​ចប់​។ ជុំវិញ​បញ្ហា​នេះ នាយ​ឧត្ដមសេនីយ៍ ឈុំ សុជាតិ អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ លើក​ឡើង​ថា ក្រសួង​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​ម្ដង ជា​ពីរ​ដង​ហើយ ពាក់ព័ន្ធ​នឹង​ឧបទ្ទវហេតុ​ខាង​លើ ល្មម​គ្រប់គ្រាន់​អាច​ចុះ​ផ្សាយ​ជា​ព័ត៌មាន​បាន ដោយឡែក​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន​ផ្សេងៗ ត្រូវ​ឈរ​លើ​ក្រមសីលធម៌​វិជ្ជាជីវៈ គោរព​ច្បាប់ និង​ស្មារតី​ការពារ​កិត្តិយស ផល​ប្រយោជន៍​ជាតិ ហើយ​ត្រូវ​ធានា​ថា មិន​ប៉ះពាល់​ដល់​កិត្តិយស​កង​ទ័ព​ជាតិ​។ ជា​មួយ​គ្នា​នេះ​លោក​ព្រមាន​ថា មិន​ត្រូវ​មាន​ចេតនា​កេង​ចំណេញ​ផ្នែក​នយោបាយ ឬ​ផលប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ក្រុម​ណាមួយ លើ​ពលីកម្ម​របស់​យុទ្ធជន​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នេះ​ឡើយ​។

សូម​រំឭក​ថា កាល​ពី​រសៀល​ថ្ងៃ​ទី ២៧ ខែ​មេសា ឆ្នាំ​២០២៤ មាន​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​ទីបញ្ជាការ​យោធភូមិភាគ​ទី​៣ ក្នុង​ខេត្ត​កំពង់ស្ពឺ ដែល​បង្ក​ឱ្យ​យោធិន​ចំនួន​២០​នាក់ បាន​ពលី​ជីវិត និង​យោធិន​មួយ​ចំនួន​ទៀត​រង​របួស ព្រមទាំង​ខូចខាត​សំណង់​ក្នុង​ទីបញ្ជាការ រថយន្ត និង ផ្ទះសម្បែង​របស់​ប្រជាពលរដ្ឋ​នៅ​ក្បែរ​ទីតាំង​កើត​ហេតុ​មួយ​ចំនួន​ផង​ដែរ​៕

អត្ថបទ៖ ឈិន ធារ៉ាត់

Share.