ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្តេជ្ញាតាមសងសឹកក្រុមភេរវកររដ្ឋឥស្លាម ក្រោយពេលដែលក្រុមនេះបានធ្វើការបំផ្ទុះគ្រាប់បែក នៅព្រលានយន្ដហោះអន្តរជាតិទីក្រុងកាប៊ុល ប្រទេសអាហ្វហ្កានីស្ថាន។

កាលពីថ្ងៃម្សិលម៉ិញ មានការបំផ្ទុះគ្រាប់បែកជាច្រើនលើក នៅចំណុចសំខាន់ៗ ជាច្រើនក្បែរព្រលានយន្ដហោះ និងក្នុងព្រលានយន្ដហោះទីក្រុងកាប៊ុល បណ្ដាលឲ្យប្រជាជនអាហ្វហ្កានីស្ថានជាង ១០០នាក់ ស្លាប់ និងទាហានអាមេរិកចំនួន ១៣នាក់ ស្លាប់ផងដែរ។

ការបំផ្ទុះគ្រាប់បែកពីសំណាក់ក្រុមរដ្ឋឥស្លាម អាយស៊ីស ខេ (ISIS-K) បានធ្វើឲ្យលោក ចូ បៃដិន ខឹងសម្បារយ៉ាងខ្លាំង ដោយបានចេញមុខបេ្តជ្ញាថា អាមេរិកមិនអត់ឱនឲ្យនោះទេ ហើយតាមកំទេចក្រុមរដ្ឋឥស្លាមនេះឲ្យបាន ទោះបីជារត់គេចទៅដល់ទីណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNBC កាលយប់ថ្ងៃទី ២៧ ខែ សីហា ឆ្នាំ២០២១។

មុនមានការបំផ្ទុះគ្រាប់បែកអត្តឃាតនេះ មន្រ្តីអាមេរិក និង ចក្រភពអង់គ្លេសធ្លាប់បានព្រមានហើយថា អាចនឹងមានការវាយប្រហារភេវ.រកម្ម ពីសំណាកក្រុម អាយស៊ីស ខេ (ISIS-K) ដែលជាក្រុមមេឃាប្រចាំតំបន់របស់ក្រុមរដ្ឋឥស្លាមអាយស៊ីស (ISIS)។ ប៉ុន្ដែដោយសារតែពលរដ្ឋអាហ្វហ្កានីស្ថានរាប់ពាន់នាក់ព្យាយាមចង់ចាកចេញពីប្រទេស ខណៈដែលថ្ងៃផុតកំណត់លែងឲ្យចាកចេញពីប្រទេសខិតជិតមកដល់នៅចុងខែសីហានេះ ទើបធ្វើពលរដ្ឋអាហ្វហ្កានីស្ថានលែងស្ដាប់នូវការព្រមានពីសំណាកមន្ត្រីអាមេរិក និង ចក្រភពអង់គ្លេស។ ការធ្វេសប្រហែសដ៏ធំនេះ បានធ្វើឲ្យក្រុមរដ្ឋឥស្លាមអាយស៊ីស មានឱកាសបាញ់ប្រហារ និងបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្រេច។

ក្រោយការបំផ្ទុះគ្រាប់បែកភ្លាមៗ លោក ចូ បៃដិន បានចេញសេចក្ដីថ្លែងការណ៍ថា ទាហានអាមេរិកទាំង ១៣នាក់ ដែលបាត់បង់ជីវិតគឺជា វីរៈបុរស ដែលហ៊ានពលីជីវិតសម្រាប់បេសកម្មជួយសង្រ្គោះប្រជាជន ហើយអាមេរិកនឹងតាមសងសឹកក្រុមរដ្ឋឥស្លាមនោះឲ្យបានសាកសមតាមអ្វីដែលពួកគេបានធ្វើ៕

ប្រភព៖ CNBC​

Telegram-Troryorng
Share.