ខេត្តបាត់ដំបង៖ យុវជន ១នាក់ជិះម៉ូតូមិនប្រយ័ត្នរ៉េចង្កូតចូលគន្លងខាងឆ្វេងដៃ បានបុកជាមួយរថយន្តកំពុងលឿនបណ្តាលឲ្យស្លាប់នៅនឹងកន្លែង។

នគរបាលប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះបង្កឡើងដោយភាគីខាងម៉ូតូខ្លួនឯង បានបើកលឿនហើយរ៉េចង្កូតទៅចូលចំណែកផ្លូវខាងឆ្វេងដៃបណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹង ជាមួយនឹងរថយន្តបើកបរក្នុងទិសដៅផ្ទុយគ្នា។

គ្រោះថ្នាក់នេះនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២៦២-២៦៣ ត្រង់ចំណុចក្រុមទី ០៧ ក្នុងភូមិព្រៃតូច ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានកើតឡើងថ្ងៃទី ២៩ ខែសីហា ឆ្នាំ ២០២១។

ជនរងគ្រោះមានឈ្មោះហួត លីហួរ ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅភូមិ ដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី បើកម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ក្រហម ពាក់ស្លាកលេខ បាត់ដំបង ១V-០៨២៤ ចំណែកភាគីខាងរថយន្តហាយឡេនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខ ពោធិ៍សាត់ ២B-៧៧៤៧ ក្រោយកើតហេតុបានគេចខ្លួនបាត់៕

អត្ថបទ៖ ដំបងក្រញូង

Share.