មកដល់ថ្ងៃច័ន្ទម្សិលមិញនេះ ប្រទេសជប៉ុននៅតែបន្តរកឃើញការចម្លងមេរោគចេញពីវ៉ាក់សាំង Moderna ដដែល ហើយយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាជននៅខេត្ត ហ្គាន់ម៉ា ក៏ត្រូវបានផ្អាកផងដែរ ក្រោយពីមានអ្នកស្លាប់ចំនួន ២នាក់។

សូមរំលឹកផងដែរថា កាលពីថ្ងៃសុក្រសប្ដាហ៍មុននេះ ប្រទេសជប៉ុនបានរកឃើញសារធាតុចម្លេងមេរោគចេញពីដបវ៉ាក់សាំង Moderna និង បា​នបញ្ឈប់ការចាក់វ៉ាក់សាំង ជាង១លានដូស ផងដែរ ស្រាប់តែថ្ងៃសៅរ៍ ក្រសួងសុខាភិបាលជប៉ុន បានរាយការណ៍ថា មានមនុស្ស ២នាក់បានស្លាប់ ក្រោយចាក់វ៉ាក់សាំងប្រភេទនេះរួចរាល់ និងរកឃើញសារធាតុចម្លងរោគកាន់តែច្រើនឡើងៗ។

ទោះ​បី​ជា​យ៉ាង​ណាក្ដី រដ្ឋាភិបាល​ជប៉ុន​បាន​និយាយ​ថា គ្មាន​បញ្ហា​សុវត្ថិភាព ឬ​ប្រសិទ្ធភាព​អ្វី​មួយ​ត្រូវ​បាន​​​លាត​ត្រដាង​ឡើយ​ ហើយ​ការ​ផ្អាក​ប្រើ​វ៉ាក់សាំង​នេះ ​គឺ​​ដើម្បី​​ប្រុង​ប្រយ័ត្នចំពោះប្រជាពលរដ្ឋរបស់ខ្លួនតែប៉ុណ្ណោះ។ ចំណែកករណី​ដែល​បណ្តាល​ឲ្យ​មនុស្ស២​​ស្លាប់ គឺ​កំពុង​ត្រូវ​បាន​ស៊ើប​អង្កេត។

ក្រុម​ហ៊ុន​វ៉ាក់សាំង Moderna និង​ក្រុម​ហ៊ុន​ឱសថ​អេស្ប៉ាញ Rovi ដែលច្រក​វ៉ាក់សាំង​ Modernaក្នុងដប សម្រាប់បញ្ចេញទៅកាន់​ទី​ផ្សារក្រៅ​ពី​សហរដ្ឋ​អាមេរិក បាន​និយាយ​ពីតាំងពី​ដំបូង​ថា សារធាតុ​ចម្លែក​​អាច​បណ្តាល​មក​​​ពី​ការ​ផលិត​មួយ​នៅ​ក្នុង​ខ្សែ​សង្វាក់​ផលិត​​របស់ Rovi។

មន្ត្រីជំនាញបានបញ្ជាក់ថា វ៉ាក់សាំង Moderna នេះបានចាក់ជូនប្រជាជនក្នុងខេត្ត ហ្គាន់ម៉ា ចំនួន ៤,៥៧៥នាក់ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​មិន​មាន​សេចក្តី​រាយការណ៍ ឬ​ព័ត៌មាន​អ្វី​ពាក់​ព័ន្ធ​នឹង​បញ្ហា​សុខភាព​ឡើយ។ ខណៈដែលថ្ងៃសៅរ៍មានមនុស្ស២នាក់ស្លាប់ ប៉ុន្ដែពេលនេះខាងមន្ត្រីជំនាញមិនទាន់ចោទប្រកាន់ទៅលើវ៉ាក់សាំងតែមួយមុខនោះទេ គឺរង់ចាំការស៊ើបអង្កេតបន្តដើម្បីស្វែងរកភស្តុតាងជាក់លាក់។

បច្ចុប្បន្ននេះ ការរកឃើញការចម្លងរោគពីដបវ៉ាក់សាំង Moderna នេះបានរកឃើញនៅខេត្ត អូគីណាវ៉ា ភាគខាងត្បូង ប្រទេសជប៉ុន បន្ថែមទៀត ដែលនេះគឺជាក្ដីព្រួយបារម្ភអំពីប្រសិទ្ធភាព និង សុវត្ថិភាពរបស់វ៉ាក់សាំង ព្រោះប្រទេសនេះកំពុងតែប្រញាប់ចាក់វ៉ាក់សាំងជូនប្រជាជន​ ដើម្បីការពារការឆ្លងមេរោគ កូវីដ១៩ & មេរោគបំប្លែងថ្មី Delta៕

ប្រភព៖ The Hindu

Telegram-Troryorng
Share.