ឥណ្ឌូណេស៊ីបានប្រាស់ដ្រូនដើម្បីធ្វើជាឧបករណ៍ដឹកជញ្ជូនអាហារ និង ថ្នាំសម្រាប់អ្នកជំងឺកូវីដ ដែលកំពុងតែសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យ រឺ អ្នកធ្វើចត្តាឡីស័ក ដោយមិនចាំបាច់ជួបផ្ទាល។

ដ្រូនចំនូន ៥គ្រឿង ដែលមានសមាជិក ៧នាក់ កំពុងតែធ្វើការជាក្រុមគ្រប់ពេលវេលានៅទីក្រុង ម៉ាកាសា ភាគខាងត្បូងនៃខេត្ត ស៊ូឡាវ៉េស៊ី ចាប់តាំងពីដើមខែ កក្កដា ដើម្បីដឹកជញ្ជូនអាហារ និង ថ្នាំព្យាបាល។ ការយកដ្រូនប្រើប្រាស់ជាអ្នកដឹកជញ្ជូនអាហារ និង ថ្នាំពេទ្យ ត្រូវបានប្រជាជនឥណ្ឌូណេស៊ី គាំទ្រជាមួយនឹងសេវាកម្មប្រកបដោយភាពច្នៃប្រឌិតនេះ។ ប្រទេសឥណ្ឌូនេស៊ី គឺជាប្រទេសមួយនៅតំបន់អាស៊ី ដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរពីជំងឺឆ្លងរាតត្បាតកូវីដ១៩។

ស្ថាបនិក និងជាអ្នកសម្របសម្រួល លោក មហាម៉ាត់ ដាស៊ីស៊ីអារ៉ា ដាសយ៉ា (Muhammad Dasysyara Dahyar) បាននិយាយថាក្រុម ‘Makassar Recover Drone Medic’ កំពុងធ្វើការជាមួយក្រុមគ្រូពេទ្យក្នុងស្រុកដើម្បីបញ្ជូនថ្នាំយ៉ាងតិច ៥ ដងក្នុង១ថ្ងៃ។ ក្នុងអំឡុងពេលនៃការផ្ទុះឡើងចុងក្រោយបំផុតនៅក្នុងខែកក្កដាពួកគេបានផ្តល់ការដឹកជញ្ជូនរហូតដល់ ២៥ ជុំក្នុង១ថ្ងៃ។ ការរឹតបន្តឹងលើការធ្វើដំណើរនៅតែមាននៅក្នុងទីក្រុងជាច្រើនរបស់ប្រទេសឥណ្ឌូណេស៊ី រួមទាំងទីក្រុងម៉ាកាសា ក្នុងគោលបំណងដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ -១៩ ដែលបណ្តាលមកមេរោគបំប្លែងថ្មី Delta។

លោក មហាម៉ាត់ រ៉ាមហាន់ ប៉ូម៉ាតូ (Mohammad Ramdhan Pomato) អភិបាលក្រុង ម៉ាកាសា (Makassar) បាននិយាយថាអាជ្ញាធរមានគម្រោងពង្រីកការប្រើប្រាស់យន្តហោះដ្រូនបើកទៅកាន់កោះក្បែរៗ នោះព្រម ទាំងផ្តល់ការដឹកជញ្ជូនដល់មនុស្សប្រហែល ៨០០ នាក់ដែលនៅដាច់ដោយឡែកពីគេនៅក្នុងកប៉ាល់ដែលចូលចតនៅជិតទីក្រុង Makassar ។ ដ្រូននេះអាចហោះហើរបានចម្ងាយប្រហែល ៧គីឡូម៉ែត្រ ដូច្នេះវាអាចហោះទៅដល់កោះក្បែរនេះបាន។ ជាពិសេសយន្តហោះដ្រូន ក៏ជួយតាមដានចរាចរណ៍ និងចលនាប្រជាជននៅក្នុងទីក្រុង និងកំណត់តំបន់គោលដៅដើម្បីធ្វើតេស្តរកមេរោគកូវីដ ១៩ ផងដែរ។

បច្ចុប្បន្ននេះ ប្រទេសឥណ្ឌូណេស៊ី មានអ្នកឆ្លងកូវីដ១៩ សរុប ៤លាន៨៩ម៉ឺននាក់ជាង និង អ្នកស្លាប់សរុបមានចំនួន ១៣ម៉ឺន៣ពាន់២៣នាក់ ខណៈដែលមនុស្សចំនួន ១៩ម៉ឺន៦ពាន់២រយ៨១នាក់ កំពុងតែសម្រាកព្យាបាលតាមមន្ទីរពេទ្យ នានា៕

ប្រភព៖ CNA

Share.