បាត់ដំបង៖ ទឹកភ្លៀងបន្តធ្លាក់ជាច្រើនម៉ោងបង្កជាជំនន់ទឹកភ្លៀងហូរលឿនច្រោះដីប៉ះពាល់ដំណាំ ទ្រព្យសម្បត្តិ ផ្លូវថ្នល់ និងផ្ទះសម្បែង របស់ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។

អាជ្ញាធរ និងសមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ទឹកភ្លៀងបានបន្តធ្លាក់មួយមេធំ ជាច្រើនម៉ោងគ្របដណ្តប់លើតំបន់មួយចំនួន រួមមានស្រុកសំពៅលូន និងស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បានបង្កការខូចខាតយ៉ាងដំណំនូវដំណាំចម្ការជាច្រើនរ៉ៃ រួមទាំងផ្លូវថ្នល់ លំនៅ ឋាន និងទ្រព្យសម្បត្តិមួយចំនួនទៀត កាលពីព្រលប់ថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២១កន្លងមកនេះ។

ឥទ្ធិពលទឹកភ្លៀង នេះបានប៉ះពាល់ និងគំរាមកំហែងខ្លាំងក្នុងភូមិសាស្ត្រ ឃុំសរុបចំនួន ៥ ក្នុងស្រុកសំពៅលូន ស្រុកភ្នំព្រឹក ភាគខាងលិចខេត្តបាត់ដំបង។

ឃុំចំនួន ៥ ខាងលើដែលរងការខូចខាតមាន ឃុំសំពៅលូន ប៉ះពាល់ចម្ការដំឡូងមី របស់ប្រជាកសិករអស់ ចំនួន ២រ៉ៃ ចម្ការដំ ណាំពោតក្រហម ខូចខាតអស់ចំនួន ២រ៉ៃដែរ ហើយចំពោះឃុំសន្តិភាព ទឹកបានហូរច្រោះ និងហូរបុកគំហុកបណ្តាលឲ្យខូចខាត របងវត្ត អូរជុំឧត្តមសាមគ្គី អស់ប្រវែង ៣០ ម៉ែត្រ បានដួលរលំទាំងស្រុង គិតជាថវិកាសរុបប្រមាណ ៦ពាន់ដុល្លារអាមេរិក ដោយឡែកក្នុងភូមិសាស្ត្រស្រុកភ្នំព្រឹកបង្កការប៉ះពាល់ផ្លូវថ្នល់ លំនៅឋានរបស់ប្រជាពលរដ្ឋជាច្រើនខ្នង ក្នុងឃុំចំនួន ៣ មានឃុំ ភ្នំព្រឹក ឃុំបារាំងធ្លាក់ និងឃុំបួរ។

អំណាចទឹកភ្លៀងដែលគ្របដណ្តប់យ៉ាងខ្លាំងនេះដែរក៏បានបង្កការប៉ះពាល់ដល់បណ្តាស្រុកមួយចំនួនទៀតស្ថិតនៅព្រំប្រទល់ជាប់គ្នាដូចជា ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជាដើម៕

អត្ថបទ៖ ដំបងក្រញូង

Share.