រថយន្ត២គ្រឿងបានព្រលះគ្នាយ៉ាងពេញទំហឹង នៅវេលាយប់រំលងអាធ្រាតថ្ងៃទី ០១ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ ០២ធ្នូ ក្បែរសណ្ឋាគារស៊ីហ៊ូ ស្ថិតក្នុងសង្កាត់លេខ ០៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងរវាង    រថយន្តស៊េរីទំនើបមួយគ្រឿង បានបុកគ្នាមួយទំហឹងជាមួយរថយន្តមួយគ្រឿងទៀតបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំទាំងសងខាង។

ប្រភពដដែលបានឲ្យដឹងថា មុនពេលកើតហេតុរថយន្តស៊េរីទំនើបម៉ាក Lancaster ពាក់ស្លាកលេខ ភ្នំពេញ 2BQ 9666 បើកបរដោយជនជាតិចិនក្នុងទិសដៅពីកើតមកលិច ខណៈពេលដែលមកដល់កន្លែងកើតហេតុខាងលើស្រាប់តែមានរថយន្តមួយគ្រឿងទៀតម៉ាក Toyota Prius  ពាក់ស្លាកលេខ ភ្នំពេញ 2BH1308 បើកបរដោយជនជាតិចិនដូចគ្នាក្នុងទិសដៅពីលិចមកកើត បានបត់ចូលទៅផ្លូវលេខ ៦០២ បានពាក់កណ្ដាលរថយន្តទៅហើយ ក៏ស្រាប់តែរថយន្តម៉ាក Lancaster ក៏មកដល់ដូចគ្នា។ដោយជាន់ហ្វ្រាំងមិនជាប់បានបុករថយន្តToyota Prius ចំថ្ពាល់ខាងស្ដាំមួយទំហឹងបណ្ដាលឱ្យបុកជាមួយនឹងបង្គោលផ្លាកសញ្ញាចរាចរណ៍រួចក៏ជ្រុលទៅក្នុងព្រៃម្ខាងផ្លូវ រងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងអ្នកបើកបររងរបួសស្រាល រីឯភាគីខាងរថយន្ត ម៉ាក Lancaster ក៏រងការខូចខាតផ្នែកខាងមុខខ្លាំងដូចគ្នា។

ក្រោយកើតហេតុសមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកបានធ្វើការវាស់វែងព្រមទាំងលើកយកវត្ថុតាងទាំងសងខាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រង់ចាំភាគីទាំងសងខាងចូលខ្លួនដោះស្រាយទៅតាមនីតិវិធី៕

អត្ថបទ៖ភ្នាក់ងារខេត្តព្រះសីហនុ

Share.