លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ត្រូវរៀបចំចាត់ចែងសម្អាតអនាម័យបរិស្ថាន នៅក្នុងសាលានានា តាមមូលដ្ឋានរបស់ខ្លួនឲ្យបានស្អាត ដើម្បីត្រៀមបើកសាលារៀនឡើងវិញ ទៅតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រោយសិស្សានុសិស្ស ខកខាតមិនបានចូលរៀនយូរណាស់ហើយ ដោយសារការរីករាលដាលជម្ងឺកូវីដ-១៩។

លោក បន្ដថា មកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ-១៩ បានថមថយហើយ យើងអាចបើកសាលារៀនឲ្យសិស្សានុសិស្សបានចូលរៀនវិញហើយ ពិសេសនៅកន្លែងដែលមានហានិភ័យទាប។

លោក ឃួង ស្រេង បានបញ្ជាក់ថា សាលារៀនមួយចំនួនត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសុខាភិបាល យកជាទីតាំងសម្រាប់ធ្វើជាកន្លែងចត្តាឡីស័ក និងធ្វើជាកន្លែងព្យាបាលជំងឺកូវីដ-១៩។ តែចាប់ពីពេលនេះតទៅ លោកជំរុញឲ្យអាជ្ញាធរខណ្ឌ និងស្ថាប័នពាក់ព័ន្ធ ត្រូវបញ្ជូនអ្នកជំងឺទៅតាមសាលារៀនទាំងនោះ ទៅដាក់នៅមណ្ឌលព្យាបាលផ្សេងវិញ ដូចជា នៅទីតាំងរៀបអាពាហ៍ពិពាហ៍ ស៊ូព្រីមៀរ សែនសុខជាដើម។

ការជំរុញបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើឡើងក្នុងកិច្ចប្រជុំតាមរយៈការបញ្ជូនរូបភាព និងសម្លេង ( Video Conference) ជាមួយអាជ្ញាធរខណ្ឌទាំង១៤ កាលពីល្ងាចថ្ងៃទី០១ ខែកញ្ញានេះ នៅសាលារាជធានីភ្នំពេញ ដើម្បីពិភាក្សាលើការរៀបចំបើកសាលារៀនឲ្យដំណើរការឡើងវិញ ក្រោយពីបានស្រាកស្រាន្តដោយជម្ងឺកូវីដ-១៩។

សូមបញ្ជាក់ថា មកដល់ពេលនេះ នៅវិទ្យាល័យ ហ៊ុន សែន បុរី ១០០ខ្នង មានអ្នកជំងឺកូវីដ-១៩ កំពុងសម្រាកព្យាបាលប្រមាណជាង១០នាក់ និងនៅវិទ្យាល័យជា ស៊ីម សាមគ្គី មានអ្នកជំងឺប្រមាណជាង១០០នាក់ប៉ុណ្ណោះ ដែលត្រូវបញ្ជូនពួកគាត់ទៅកាន់មណ្ឌលព្យាបាលផ្សេងវិញ ដើម្បីទុកទីតាំងសាលានេះ ឲ្យសិស្សានុសិស្សបានចូលរៀនជាធម្មតាឡើងវិញ។

កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានចេញសារសម្លេងបន្ទាន់មួយ ដោយណែនាំឲ្យក្រសួង អប់រំ យុវជន និងកីឡា សហការជាមួយអាជ្ញាធររាជធានី/ខេត្ត ដើម្បិពិនិត្យមើលលើការបើកសាលារៀនឡើងវិញ នៅតាមភូមិ/ឃុំដែលមិនមានការឆ្លងជំងឺកូវីដ-១៩ និងកន្លែងដែលឆ្លងតិច ដោយមិនត្រូវរងចាំការបើកសាលារៀនព្រមគ្នានៅទូទាំងប្រទេសនោះឡើយ ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាព និងគោរពតាមវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន៕

រូបភាព៖ វិបសាយក្រសួងអប់រំ

Share.