
លោក Jim Solbakkenដែលភ្នាក់ងាររបស់លោក Ole Gunnar Solskjaer អ្នកចាត់ការទូទៅក្លិបបិសាចក្រហម Manchester United ក្នុងប្រទេសអង់គ្លេស បានបញ្ជាក់ថាបុរសជនជាតិន័រវែស រូបនេះបានទិញយកភាគហ៊ុនរហូតដល់១២.៥ភាគរយនៃភាគហ៊ុនសរុបរបស់ក្រុមហ៊ុនផ្នែកកីឡា Esport ឈ្មោះថាUlti Agency មានមូលដ្ឋាននៅស្រុកកំណើតរបស់ខ្លួន។
យ៉ាងណាក្តីភាគីខាងក្រុមហ៊ុន Ulti Agency សុំមិនបញ្ចេញទឹកប្រាក់ដែលលោក Solskjaer ទិញភាគហ៊ុនរបស់ក្រុមខ្លួនថាចំនួនប៉ុន្មាននោះទេ។ ប៉ុន្តែលោក Asgeir Kvalvik នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសង្គត់ធ្ងន់ថាម្ចាស់ភាគហ៊ុនថ្មីនេះនឹងជួយឱ្យក្រុមហ៊ុនសម្រេចនូវផែនការរបស់ខ្លួន។ ទាំងលោក Jim Solbakken និងលោក Ole Gunnar Solskjaer នឹងមានឈ្មោះក្នុងក្រុមប្រឹក្សារបស់ក្រុមហ៊ុននេះទាំងអស់គ្នា៕