កាលពីថ្ងៃចន្ទសប្ដាហ៍នេះ អ្នកនាំពាក្យក្រុមតាលីបង់ លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានចេញមកបញ្ជាក់ថា រដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មី និងត្រូវប្រកាសចេញនៅប៉ុន្មានថ្ងៃខាងមុខ ដោយមិនទាន់បញ្ជាក់ពីកាលបរិចេ្ឆទនៅឡើយទេ ក្រោយពីក្រុមរបស់ខ្លួនបានកាន់កាប់ខេត្ត ផាន់ហ្សៀរ (Panjshir) ដែលជាខេត្តចុងក្រោយរបស់ទីក្រុងកាប៊ុល បានទាំងស្រុង។

លោក ហ្សាប៊ីហ៊ុលឡោះ មូចាហ៊ីដ (Zabihullah Mujahid) បានប្រាប់ក្រុមអ្នកសារព័ត៌មានអាហ្វហ្កានីស្ថានថា ប្រទេសអាហ្វហ្កានីស្ថានអាចនឹងប្រកាសរដ្ឋាភិបាលថ្មី ក្នុងទម្រង់ជារដ្ឋាភិបាលបណ្តោះអាសន្ន ព្រោះវាអាចអនុញ្ញាតឲ្យមានការកែសម្រួល ឬកែទម្រង់បន្ថែមទៀត។ ចំណែកឯកាលបរិច្ឆេទនៅមិនទាន់បានប្រកាសប្រាប់ប្រជាជននៅឡើយទេ ដោយសារតែនៅមានបញ្ហាបច្ចេកទេសមួយចំនួនមិនទាន់ដោះស្រាយ។

បើតាមការប៉ាន់ស្មានពីក្រុមតាលីបង់បានឲ្យដឹងថា លោក មូលឡោះ អាប់ឌុល ហ្គានី បារ៉ាដា (Mullah Abdul Ghani Baradar) ដែលជាប្រមុខផ្នែកនយោបាយ ​និង សហស្ថាបនិករបស់ក្រុមតាលីបង់ រូបនេះអាចនិងក្លាយជាអ្នកដឹកនាំរដ្ឋាភិបាលអាហ្វហ្កានីស្ថានថ្មីនាពេលខាងមុខនេះ៕

ប្រភព៖ Reuters

Telegram-Troryorng
Share.