
ក្រុមបាល់ទះជម្រើសជាតិបុរសចិន បានប្រកាសដកខ្លួនចេញពីព្រឹត្តិការណ៍ប្រកួតបាល់ទះពានរង្វាន់កម្រិតពិភពលោក 2021 FIVB Volleyball Men’s Nations League ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទះអន្តរជាតិ កាលពីពេលថ្មីៗ ស្របពេលដែលក្រុមបាល់ទះជម្រើសជាតិហុល្លង់ នឹងចូលខ្លួនជំនួស វិញម្តង។
បើតាមការបញ្ជាក់របស់របស់សហព័ន្ធកីឡាបាល់ទះអន្តរជាតិ ថាការដកខ្លួនរបស់ក្រុមបាល់ទះជម្រើសជាតិចិន នេះដោយមូលហេតុ«ថវិកាមានកំណត់» និងម្យ៉ាងទៀតបញ្ហានៃការធ្វើដំណើរជួបឧបសគ្គដោយសារស្ថានភាពកូវីដ-១៩។
សហព័ន្ធកីឡាបាល់ទះចិន បានសម្ដែងការសោកស្ដាយដែលក្រុមជម្រើសជាតិខ្លួន មិនចានចូលរួមការប្រកួតនេះដូចរាល់លើក ព្រោះថាបើតាមគោលនយោបាយរដ្ឋចិន កំណត់ឱ្យបុគ្គលគ្រប់រូបត្រូវធ្វើចត្តាឡឺស័ក ចំនួន១៤ថ្ងៃនៅក្នុងស្រុកសិន មុនចេញដំណើរទៅក្រៅប្រទេស។ ម៉្យាងកម្មវិធីប្រកួតនេះវាប៉ះពាល់ទៅនឹងសកម្មភាពប្រកួតកីឡាជាតិ នៅក្នុងប្រទេសតែម្តង។
សហព័ន្ធកីឡាបាល់ទះអន្តរជាតិ បានសម្រេចអញ្ជើញក្រុមបាល់ទះជម្រើសជាតិហុល្លង់ ទៅក្នុងពានរង្វាន់ 2021 FIVB Volleyball Men’s Nations League ដើម្បីបង្គ្រប់កៅអី១៦ ក្រុម។ មូលហេតុដែលជ្រើសរើសយកប្រទេសហុល្លង់ ដោយសារក្រុមនេះកម្រិតបច្ចេកទេសខ្ពស់ បូកទាំងសក្ដានុពលពាណិជ្ជកម្មបាល់ទះនៅក្នុងស្រុកផងដែរ។ ការប្រកួតនៅឆ្នាំនេះធ្វើឡើងនៅទីក្រុង Rimini ប្រទេសអ៊ីតាលី ដែលមានក្រុមមកពី៤ទ្វីបផ្សេងគ្នា។
ក្រុមដែលស្ថិតនៅក្នុងកៅអី FIVB Volleyball Men’s Nations League ចាស់មានអាហ្សង់ទីន, ប្រេស៊ីល, ចិន (ជំនួសដោយហុល្លង់) បារាំង, អាល្លឺម៉ង់, អ៊ីរ៉ង់, អ៊ីតាលី, ជប៉ុន, ប៉ូឡូញ, រុស្ស៊ី, ស៊ីប, អាមេរិក។ ចំណែកក្រុមឡើងពីការប្រកួត2021 Challenger Cup មានអូស្ត្រាលី,ប៊ុលហ្គារី, កាណាដា និងស្លូវេនី។ ការប្រកួតនឹងធ្វើឡើងរបៀបវិលជុំ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់២៧ ខែមិថុនា ឆ្នាំ២០២១។
ពានរង្វាន់ FIVB Volleyball Men’s Nations League រៀបចំឡើងពីឆ្នាំ២០១៨ មកខណៈឆ្នាំដំបូងធ្វើឡើងនៅទីក្រុង Lille ប្រទេសបារាំង និងឆ្នាំបន្ទាប់ធ្វើឡើងនៅទីក្រុង Chicago សហរដ្ឋអាមេរិក ហើយក្រុមជម្រើសជាតិរុស្ស៊ី ឈ្នះជើងឯកទាំង២លើក ស្របពេលឆ្នាំ២០២០ កន្លងទៅត្រូវបានរំសាយចោលដោយសារស្ថានភាពរីករាលដាលនៃជំងឺកូវីដ-១៩៕