ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ​ យុវជន និងកីឡា បានគាំទ្រនូវការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការជំរុញបើកទេសចរណ៍ឡើងវិញ។ ការថ្លែងគាំទ្រនេះ តាមរយៈផេកផ្ទាល់របស់ឯកឧត្តម ស សុខា ដែលបានបង្ហោះនៅរសៀលថ្ងៃទី ១៧ ខែកញ្ញា។​

កាលពីព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់មន្ត្រីពាក់ព័ន្ធ ជាពិសេសក្រសួងទេសចរណ៍ គិតគូរការបើឲ្យមានទេសចរណ៍ឡើងវិញ ប៉ុន្ដែត្រូវធ្វើឡើងជាពីរជំហ៊ាន ដែលជំហានទី១ ការបើកទេសចរណ៍ក្នុងស្រុក និងជំហានទី២ ការបើកទេសចរណ៍វ៉ាក់សាំង។​

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា

ទាក់ទងនឹងបញ្ហាខាងលើនេះនេះ ឯកឧត្តម ស សុខា បានសរសេរថា អនុសាសន៍របស់សម្តេចតេជោ ក្នុងការជំរុញឲ្យមានការបើកទេសចរណ៍ផ្ទៃក្នុងប្រទេស គឺជាគំនិតប្រកបដោយគតិបណ្ឌិត និងការគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋទាំងមូល ព្រោះថាបងប្អូនប្រជាពលរដ្ឋយើង ក៏មានតម្រូវការដើរកម្សាន្តថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យ បន្ធូរបន្ថយបរិយាកាស និងក៏ជាឱកាសមួយឲ្យពួកគាត់បានយល់អំពីប្រទេសខ្លួនឯង កាន់តែច្រើន ពិសេសក្នុងស្ថានភាពដែលបងប្អូនប្រជាពលរដ្ឋ មិនអាចចេញក្រៅប្រទេសបាន។ ជាងនេះទៅទៀត ការបើកទេសចរណ៍ក្នុងផ្ទៃប្រទេសនេះ ក៏ជាយន្តការធ្វើឱ្យមុខរបរពាក់ព័ន្ធរស់ឡើងវិញផងដែរ។

ទន្ទឹមគ្នានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ បាននិងកំពុងខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្តក្នុងការស្វែងរកវ៉ាក់សាំងការពារកូវីដ-១៩ ដើម្បីចាក់ជូនប្រជាពលរដ្ឋទូទាំងព្រះរាជាណាចក្រកម្ពុជា ដែលជាលទ្ធផល មកដល់ពេលនេះ ក្នុងចំណោមប្រជាពលរដ្ឋកម្ពុជាយើង ជាង ១៦លាននាក់ បានទទួលវ៉ាក់សាំង ៧២% ហើយ។ ក្នុងនោះសម្តេចតេជោ បានបញ្ជាក់ថា ជាការកំណត់ស្តង់ដារ បើមានវ៉ាក់សាំងដូសទី១ និងដូសទី២ គឺត្រូវតែមានវ៉ាក់សាំងដូសទី៣ ។

រាជរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បច្ចុប្បន្នបាន និងកំពុងសម្រុកធ្វើយុទ្ធនាការជាតិចាក់វ៉ាក់សាំងការពារកូវីដ-១៩ ជូនកុមារ ពីអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ ខៈណៈក្រសួងអប់រំ យុវជន និងកីឡា បើកដំណើរការចូលរៀនឡើងវិញ ទៅតាមតំបន់ដែលមានហានិភ័យទាប និងមធ្យម (អនុវត្តតាមវិធានសុខាភិបាលត្រឹមត្រូវ)។

ការបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ ពីអាយុ៦ឆ្នាំ ដល់ ១២ឆ្នាំ នាពេលនេះ ត្រូវបានសម្តេចតេជោ បញ្ជាក់ថា គឺជាការផ្តល់សិទ្ធិរស់រានមានជីវិត សិទ្ធិទទួលបានការថែទាំសុខភាព និងសិទ្ធិទទួលបានការអប់រំ ចំពោះកុមារកម្ពុជា ទូទាំងប្រទេស ។

«ដើម្បីឲ្យគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាអនុសាសន៍ដ៏ថ្លៃថ្លា របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ទទួលបានប្រសិទ្ធផល និងស័ក្តិសិទ្ធភាពខ្ពស់ ខ្ញុំសូមអំពាវនាវដល់គ្រប់តំបន់ទេសចរណ៍ ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការកែលម្អ បរិស្ថាន អនាម័យ សោភ័ណភាព គុណភាពម្ហូបអាហារ ជាពិសេសរក្សាឲ្យបាននូវតម្លៃសមស្របមួយ ដែលភ្ញៀវអាចទទួលយកបាន។» ឯកឧត្តម ស សុខា បន្ថែម។

ក្នុងនោះដែរ ឯកឧត្តម ស សុខា ក៏បានលើកឡើងទៀតថា ទាំងម្ចាស់តំបន់ទេសចរណ៍ និងអ្នកទេសចរណ៍ទាំងឡាយ ត្រូវបង្កើនការប្រុងប្រយ័ត្នជានិច្ចចំពោះជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មី ដែលតា ដោយអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ ៣កុំ និងចូលរួមចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា តាមដំណាក់កាលនីមួយៗ របស់រាជរដ្ឋាភិបាលយើងកុំបីខានឡើយ។

ប្រភពរូប៖ biyahenijohn

កាលពីព្រឹកថ្ងៃទី១៧ កញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងតាមរយៈវីដេអូផ្សាយផ្ទាល់មួយថា ការបើកទេសចរណ៍ឡើងវិញ នឹងត្រូវធ្វើឡើងជា២ជំហាន។

  • ជំហាន ទី១ គឺជាការបើកទេសចរណ៍ក្នុងស្រុក ដោយប្រជាពលរដ្ឋខ្មែរ ពិតជាមានតម្រូវការធ្វើដំណើរកម្សាន្ដ នាចុងសប្ដាហ៍។
  • ជំហានទី២ គឺទេសចរណ៍វ៉ាក់សាំង ដែលអនុញ្ញាតឲ្យអ្នកទេសចរអន្តរជាតិ ចាក់វ៉ាក់សាំងគ្រប់ដូសរួចរាល់ អាចចូលមកកាន់ប្រទេសកម្ពុជា ហើយធ្វើចត្តាឡីស័កត្រឹមតែ ៧ថ្ងៃប៉ុណ្ណោះ។

ក្នុងរយៈពេល៧ថ្ងៃនេះ អ្នកទេសចរដែលបានចាក់វ៉ាក់សាំង គ្រប់ដូសហើយនោះ មិនមែនស្នាក់នៅតែក្នុងសណ្ឋាគារប៉ុណ្ណោះទេ តែអាចធ្វើដំណើរកម្សាន្តជាបណ្ដើរៗក្នុងតំបន់ ដែលពួកគចុះចតបាន តាមការរៀបចំរបស់ក្រសួង ឬអាជ្ញាធរពាក់ព័ន្ធ៕

Share.