បាត់ដំបង៖ ក្មេងប្រុស ១នាក់លង់ទឹកស្លាប់ ខណ:ជិះកង់ត្រឡប់មកពីដើរលេងពេលយប់ងងឹតបានរ៉េចង្កូតធ្លាក់ចូលប្រឡាយ។

នគរបាលបានប្រាប់ឲ្យដឹងថា ករណីក្មេងលង់ទឹកស្លាប់នេះត្រង់ចំណុចប្រឡាយទឹក ក្នុងក្រុមទី ២១ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បានកើតឡើងនៅវេលាម៉ោងជាង ៧:០០នាទីយប់ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០២១។ កុមាររងគ្រោះស្លាប់ឈ្មោះឆង វិឆ័យ ភេទ ប្រុស អាយុ០៨ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

ប្រភពនៅទីតាំងកើតហេតុបានសន្និដ្ឋានថា ក្មេងរងគ្រោះនៅមុនពេលជួបហេតុបានជិះកង់ត្រឡប់មកពីដើរលេង លុះដល់ចំណុចកើតហេតុបានរ៉េចង្កូតកង់ជ្រុលធ្លាក់ចូលប្រឡាយដែលទឹក និងមានកូនដើមឈើតូចៗច្រើនធ្វើឲ្យទាក់ជើងស្រវាផុតៗ ហើយឈ្លក់ទឹកស្លាប់តែម្តង។

ភ្លាមៗនគរបាលមូលដ្ឋានបានចុះទៅពិនិត្យសាកសពបង្ហាញថា ក្មេងជនរងគ្រោះពិតស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន រួចបានប្រគល់សាកសពទៅឲ្យឳពុកម្តាយរៀបចំធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ដំបងក្រញូង

Share.