
ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC ដែលជាសមាជិកក្នុងពានរង្វាន់លីគកំពូលកម្ពុជា បានបន្តធ្វើសកម្មភាពចែកអំណោយចែកអំណោយសប្បុរសធម៌ជូនដល់ប្រជាពលរដ្ឋដែលកំពុងតែខ្វះខាតស្បៀងអាហារ អំឡុងពេលបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ ដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
នៅយប់ថ្ងៃសៅរ៍ ទី១ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះលោក ខូវ ឆាយ អគ្គលេខាធិការ បានបញ្ជាក់លើគណនីហ្វេសប៊ុកលោកថាលោកតំណាងឱ្យលោក Supachai Verapuchong ជាប្រធានក្លិប រួមទាំងក្រុមការងាររបស់ក្លិបបានបន្តចុះចែកអំណោយសប្បុរសធម៌ ជូនដល់ពលរដ្ឋដែលកំពុងខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលបិទខ្ទប់ បានចំនួន ២៣ គ្រួសារ ក្នុងនោះមាន៖
- ១១ គ្រួសារ នៅសង្កាត់គោកឃ្លាង ខ័ណ្ឌសែនសុខ
- ៦គ្រួសារ នៅសង្កាត់ចោមចៅ៣ ខ័ណ្ឌពោធិសែនជ័យ
- ៤ គ្រួសារ នៅសង្កាត់ពន្សាំង ខ័ណ្ឌព្រែកព្នៅ
- ២ គ្រួសារ នៅសង្កាត់ច្រាំងចំរេះ ខ័ណ្ឌឫស្សីកែវ

លោក ខូវ ឆាយ បានបញ្ជាក់ថា៖«ប្រជាពលរដ្ឋពិតជាលំបាកណាស់ក្នុងរយៈពេលនៃការផ្ទុះរីករាលដាលនៃជំងឺកូវី-19នេះ ពេលឃើញក្រុមការងារយើងទៅដល់ អ្នកខ្លះរំភើបឡើងស្រក់ទឹកភ្នែកដោយសារកំពុងតែដាច់ស្បៀងទៅហើយ។ យើងក៏រំភើបស្ទើរស្រក់ទឹកភ្នែកដែលបានជួយពួកគាត់ទាន់ពេលវេលា។ យើងនឹងបន្តចែករហូតដល់គ្រប់ ២០០ គ្រួសារ រឺច្រើនជាងនេះទៅតាមស្ថានភាពជាក់ស្តែង»។
សម្រាប់បងប្អូនដែលខ្វះខាតស្បៀងជាក់ស្តែងសូមទាក់ទងទៅកាន់ក្រុមការងាររបស់ក្លិបដែលមានរហស្សនាមថា«ទ័ព» ដើម្បីទទួលបានជំនួយឧបត្ថម្ភ តាមរយៈលេខទូរសព្ទ ឬតេឡេក្រាម 086-699-998៕
អត្ថបទពាក់ព័ន្ធ៖ប្រធានក្លិបវិសាខា ផ្ដល់ជាគ្រឿងឧបភោគ បរិភោគដល់កងកម្លាំងខេត្តបន្ទាយមានជ័យ ដែលកំពុងប្រយុទ្ធនឹងកូវីដ-១៩