តោះ! មកដឹងពីឈ្មោះប្រេតទាំង ១២ ដែលមានចែងក្នុងព្រះពុទ្ធសាសនាខ្មែរយើង យោងតាមតំណាលតៗគ្នា បានឲ្យដឹងថា មនុស្សដែលស្លាប់ទៅតែងតែទៅកើតនៅទីផ្សេងៗគ្នា តាមកម្មរបស់ខ្លួន។ ការកើតជាប្រេត គឺអាស្រ័យមកពីកម្មផល ឬ អំពើបាបកម្ម ដែលខ្លួនបានសាងកាលពីជាតិមុន ម្យ៉ាងវិញទៀត ប្រេតខ្លះក៏មានរូបសញ្ញា និង រូបរាងផ្ទាល់ខ្លួនផ្សេងៗគ្នា។ ប្រេតដែលបានចែងក្នុងគម្ពីរព្រះពុទ្ធសាសនាមានចំនួន ១២ រួមមាន៖ វន្ដាសប្រេត, កុណបាសប្រេត, គូថខាទកប្រេត,​ អគ្គិជាលមុខប្រេត, សូចិមុខប្រេត, តណ្ហដ្ដិតប្រេត, សុនិជ្ឈាមកប្រេត, សត្ថង្គប្រេត, បព្វតង្គប្រេត, អជគរង្គប្រេត, វិមានកប្រេត និង មហិទ្ធិកប្រេត។

ប៉ុន្ដែសារព័ត៌មានត្រយងសូមសង្ខេបអំពីប្រវិត្តប្រេតចំនួន ៥ ពីល្បើកប្រេតរបស់លោក សុង ស៊ីវ ជូនប្រិយមិត្តអ្នកអានជាទីមេត្រី៖

១) វន្ដាសប្រេត៖ ជាប្រេតស៊ីរបស់ដែលគេខ្ជាក់ចេញ មានភ្នែកក្រលួង មុខក្រញូវ ដុះរោមច្រើនស្រម៉ូវ មាត់វៀចកំប៉ូវ ខ្នងកោងកំពួរ សក់រួញក្រញង់ ដោះប៉ោង ខ្លួនធំក្លិនខ្មួរ ដៃជើងក្រញង់ ធ្មេញដុះខុសជួរ មានរូបរាងខ្ពស់ជង្រោ្គង ស្គមដូចកុកគ្រោង ដំបៅពេញកាយ រាប់រយលានឆ្នាំមិនដែលស្គាល់ជាតិបាយ ស៊ីតែកំហាក ដែលស្ដោះចេញពីមាត់គេ។ ​ចំពោះប្រេតទាំងនេះ កើតមកពីមិនបានធ្វើបុណ្យដោយចិត្តជ្រះថ្លា ស្ដោះកំហាកដាក់អាហារឲ្យអ្នកមានសីល៍ខ្ពស់។

២) កុណបាសប្រេត (ឬកុណបា) ប្រេត​ដែលស៊ីសាកសព មានពោះធ្លាក់​ត្រយោក​ មុខខ្លី​កំប៉ុក ភ្នែក​ប៉ុន​ត្រឡោក ចង្កាយាស្ពោក ធ្មេញធំប៉ុនដប សក់វែងអូសដី ចម្រុះ​ខើចខ្លី កស្តួចដូចដប ក្បាល​ធំ​ជាង​ខ្លួន​មិន​សមប្រកប។ ធុំក្លិនស្អុយអសោច ស៊ីតែសពខ្មោច។ ប្រេត​នេះ​អត់បាយ​រាប់​កោដិ​ឆ្នាំ ស៊ី​តែ​ខ្ទុះឈាមនៃសាកសពខ្មោច ឥតបានប្រយោជន៍ទេ បើស៊ី​ណាស់ កាន់​តែ​ឃ្លាន​ណាស់ ព្រោះ​មានផលកម្មចាស់ដែលខ្លួនបានសាងឡើង។

៣ គូថខាទកប្រេត (ឬគូថៈ) ប្រេតដែលស៊ីលាមក មានភ្នែករិលទទឹង មាត់​ខើច​សំញេញ ដុះរោមជិតឈឹង ច្រមុះត្រង់ភ្លឹង កខ្លីដូចហ៊ីង។ ក្បាលធំក្រមាង សក់ដុះខាងៗ កណ្តាលរលីង ត្រចៀកកំប៉ិត ពោះធំកំភ្លឹង រូបរាងស្គមកំព្រឹង ស៊ីតែលាមក ក្លិន​ស្អុយ​ខ្មោះៗ សាច់ស្រែងកក្រោះ ដៃ​ជើងធំស្ចក់ ខំដើរស្កាត់រកគំនរលាមកមកធ្វើចំណី។ ចំពោះ​ប្រេត​នេះ គឺរស់នៅ​របៀបនេះ​រាប់រយ​កោដិឆ្នាំ រស់ដោយផលកម្ម គឺ​ពៀរវេរា​ពី​ជាតិមុន ជា​ជនពាល​អត់​មានសទ្ធា កោង​កាច​អប្រិយ។

៤ អគ្គិជាលមុខប្រេត៖ មានភ្លើងនៅក្នុងមាត់​ ឆេះ​រោលរាលពេញខ្លួនប្រាណ ភ្នែកហើមលៀន ភ្លើង​ឆេះរន្ធមាត់ មានដំបៅខ្លាំង ស្រែកយំ គគ្រក់ ហុយផ្សែងព័ន្ធព័ទ្ធសាច់ស្បែកឡើងរលួយ ភ្លើងឆេះទាំងយប់​ទាំងថ្ងៃ។ ពួកប្រេតនេះគឺចង្រៃ ព្រោះមានកម្មសាងពីជាតិមុន គឺជា​មនុស្ស​ប៉ោឡែ លេងនឹងព្រះសង្ឃបញ្ឆោតលេងសប្បាយ។ ប្រេតនេះ​ច្រើន​តែ​រស់នៅ​ដងព្រៃ​ជ្រៅ​ញក​បព្វតា ក្បែរ​មាត់​សមុទ្រ លើ​ដុំសិលា ស្រេកឃ្លានអាហារ ស្រេកទឹកពុំអាចស៊ីចំណីបាន។

៥ សូចិមុខប្រេត៖ ប្រេតដែលមានមាត់ប៉ុនម្ជុល ក្បាលធំត្រមែង រន្ធមាត់ប៉ុនរន្ធក្តិតម្ជុល ដៃជើងធំបែក រាងទុលមុល​ធំប៉ុនភ្នំ ភ្នែកលៀនក្រឡោក ក្រចកដៃសោតស្រែងស៊ីសុះដុំ ដុះវែងក្រាសចោទ​ដូចជើងភ្នំ សក់ក្បាល​ពុកមាត់ពុកចង្កាដុះដូចព្រឹក្សា។ ពួកប្រេតនេះ ច្រើនរស់នៅបព្វតាព្រៃជ្រៅ ភ្នំគិជ្ឈកូដ ហើយប្រេត​នេះស្រេកឃ្លានអាហារចាក់ទឹកមិនចូល ញាត់បាយមិនទៅ ចេះ​តែ​រស់នៅ​ដោយ​ផលកម្មដែលខ្លួនបានសាង។ កាលពីជាតិមុនមិនបានធ្វើបុណ្យ មានទ្រព្យច្រើនតែ​ចិត្ត​កំណាញ់ មិន​ដាក់ទាន​ឲ្យ​អ្នកក្រខ្សត់ សូម្បីតែមាតាបិតា ក៏មិនឲ្យលោកពិសាគ្រប់ដែរ។

ចូរសាងកុសលផលបុណ្យល្អៗ ធ្វើបុណ្យដោយចិត្តជ្រះថ្លា រក្សាចិត្តមេត្តា ករុណា កុំកោងកាចមិនដឹងខុសត្រូវ កុំប្រហើនចំពោះអ្នកមានសីល៍ខ្ពស់ ឬ មាតាបិតា។ នៅពេលដែលចិត្តអ្នកជ្រះថ្លា ស្គាល់បុណ្យស្គាល់បាប នោះអ្នកនឹងយល់អំពីបាបកម្មដែលបានសាងដោយចេតនា ឬ អចេតនាទាំងឡាយ ហើយខំសាងកុសលលុបលាងបាបកម្មដែលធ្លាប់បានសាង ដើម្បីជៀសផុតទុក្ខទាំងឡាយដែលយើងមិនដឹងមុន៕

ប្រភព៖ លោក សុង ស៊ីវ និង ស្រាវជ្រាវ

Telegram-Troryorng
Share.