កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោបានបញ្ជូនខ្លួនជនសង្ស័យ៥នាក់ជាមុខសញ្ញាវ៉ៃធាក់ផ្តួលយកម៉ូតូនៅពេលយប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការទៅតាមផ្លូវច្បាប់ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញាឆ្នាំ២០២១ ។

បន្ទាប់ពីទទួលបានពាក់បណ្តឹងពីជនរងគ្រោះកាលពីថ្ងៃទី១៧ខែកញ្ញាកន្លងទៅ សមត្ថកិច្ច នគរបាលខណ្ឌដង្កោ បានស្រាវជ្រាវកំណត់មុខសញ្ញានិងចាប់ខ្លួនជនសង្ស័យបាន៥នាក់ខណៈដែលពួកគេចេញធ្វើសកម្មភាពម្តងទៀតនៅថ្ងៃទី២៥ខែកញ្ញាឆ្នាំ២០២១នេះ។

ក្រុមជនសង្ស័យបានកំហែងយកម៉ូតូជនរងគ្រោះឈ្មោះ ពៅ វុត្ថា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅសេរីឆ្នាំ២០២១ ពេលជិះចេញពីធ្វើការរោងចក្រនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យដើម្បីត្រឡប់ទៅផ្ទះវិញ។ ពេលជនរងគ្រោះជិះម៉ូតូធ្វើដំណើរតាមផ្លូវបេតុង៥០ម៉ែត្រ ទិសដៅពីជើងទៅត្បូង ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ក៏លេចមុខជនសង្ស័យ៤នាក់ ជិះម៉ូតូ២គ្រឿង បានជិះទៅអែបខាងឆ្វេងដៃរបស់ជនរងគ្រោះ រួចក្រុមជនសង្ស័យបានធ្វើសកម្មភាពធាក់ម៉ូតូរបស់ជនរងគ្រោះផ្តួល រួចដេញវ៉ៃជនរងគ្រោះ រត់បាន  ចំងាយប្រហែល១០ម៉ែត្រ ក្រុមជនសង្ស័យក៏បានលើកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនបាត់។

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សមត្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រហូតដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១០និង០០នាទីព្រឹក ក្រុមជនសង្ស័យខាងលើ បានប្រមូលផ្តុំ គ្នាជិះម៉ូតូដើររកធ្វើសកម្មភាពម្តងទៀត នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ក៏ត្រូវសមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ សង្ស័យដេញឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ហាន ហ៊ីម រួមនិងវត្ថុតាង ម៉ូតូ ១គ្រឿង  យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ។ក្រោយមកសមត្ថកិច្ចបានស្រាវជ្រាវចាប់ខ្លួនបានជនសង្ស័យជាបន្តបន្ទប់។

ជនសង្ស័យទី១ឈ្មោះ ផុន សុធី ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ទី០២ឈ្មោះ ចូច រ័ត្ន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី ទី០៣ឈ្មោះ ជា សុខជីន ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិដំណាក់ធំ ទី០៤ឈ្មោះ ហាន ហ៊ីម ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលភូមិឬស្សី ទី០៥ឈ្មោះ សយ វាសនា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

នៅចំនៅមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចយើងថា ពួកគេ និងបក្ខពួកពិតជាបានធ្វើសកម្មភាព ធាក់ប្លន់យកម៉ូតូរបស់ជនរងគ្រោះប្រាកដមែន  និងធ្លាប់ធ្វើសកម្មភាពធាក់ប្លន់យកម៉ូតូនៅកន្លែងផ្សេងៗជាច្រើនដកទៀត៕

អត្ថបទ៖សេង សាវី

Share.