រថយន្តឃ្លុបមួយគ្រឿងដឹកក្រដាសកាតុងរោងចក្រ បើកបោះពួយលឿនជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅប៉ះកន្ទុយកុងតឺន័រ កំពុងបើកចេញពីផែស្ងួត ហើយរេចង្កូតធ្លាក់ផ្លូវ ក្រឡាប់ចូល ប្រឡាយទឹក សំណាងល្អគ្មានអ្នករងរបួស ខូចខាតតែរថយន្ត និងឥវ៉ាន់បន្តិចបន្តួច ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេខ៣ មុខក្រុមហ៊ុនផែស្ងួត អិលវាយស៊ី ចំណុចភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តម៉ាកហ៊ីណូ ពណ៌ស ពាក់ស្លាកលេខ កណ្តាល 3A-2833 ឃ្លុបដឹកក្រដាសកាតុងរោងចក្រ បើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីត្បូង ទៅជើង ល្បឿនលឿន លុះដល់ចំណុចកើតហេតុ វ៉ាក់អើនឹងរថយន្តកុងតឺន័រ មួយគ្រឿង កំពុង បើកចេញពីក្រុមហ៊ុនផែស្ងួត បត់ឆ្ពោះទៅជើង។ពេលនោះរថយន្តឃ្លប់ ព្យាយាមជាន់ហ្វ្រាំង តែ មិនជាប់ គេចជ្រុលទៅប៉ះកន្ទុយកុងតតឺន័រ បួងចង្កូតជ្រុលធ្លាក់ផ្លូវ ក្រឡាប់ចូលក្នុង ប្រឡាយទឹក បណ្តាលឲ្យបែកខ្ទេចកញ្ចក់មុខ ទទឹកសើមក្រដាសកាតុងអស់មួយចំនួន សំណាងដែរ គ្មានអ្នកណាម្នាក់រងរបួស ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យឃើញថា បង្កគ្រោះថ្នាក់ដោយខ្លួនឯង មិនបង្ក ដល់អ្នកដទៃ ទើបឲ្យម្ចាស់ លើករើជញ្ជូនកាតុងចេញទៅដាក់រថយន្តផ្សេង និង ប្រគល់ ឲ្យម្ចាស់រករថយន្តស្ទូចលើកយកទៅជួសជុលដោយខ្លួនឯង ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.