ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការបង្ហាញមុខជនសង្ស័យចំនួន០៦នាក់ ពាក់ព័ន្ធករណី លួចស្លាកលេខរថយន្ត និងទទួលផលចោរកម្ម ដែលបានឃាត់ខ្លួនជាបន្តបន្ទាប់កាលពីថ្ងៃទី២៥ , ២៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងមកនេះ។


ការបង្ហាញមុខជនសង្ស័យនេះ បានធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ រួចបានបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

លោក វរសេនីយ៍ទោ អ៉ឹម ផល្គុន អធិការរងទទួលផែនព្រហ្មទណ្ឌ​ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១ កន្លងមក កម្លាំងនគរបាលជំនាញនគរបាលខណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន០៦នាក់ ជាបន្តបន្ទាប់។

លោកបានបន្តឲ្យដឹងទៀតថា នៅមុនពេលឈានដល់ការឃាត់ខ្លូនជនសង្ស័យទាំង០៦នាក់ នោះគឺ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ ក្រុមជនសង្ស័យមួយក្រុមជិះម៉ូតូកង់បី ឥណ្ឌា (passapp) ពណ៌លឿង ដែលជាមធ្យមបាយធ្វើដំណើរ បានធ្វើសកម្មភាពលួចស្លាកលេខរថយន្ត ប្រជាពល រដ្ឋចតរថយន្តទុកនៅមុខផ្ទះពេលរាត្រី នៅមូលដ្ឋានសង្កាត់បឹងរាំង បានសម្រេច ត្រូវបានជនរងគ្រោះមកដាក់ពាក្យបណ្ដឹង រួចមន្រ្តីជំនាញ នៃអធិការដ្ឋាននគរបាលដូនពេញ បានធ្វើការស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានចំនួន០២ រួមទាំងវត្ថុតាងស្លាកលេខរថយន្ត និងម៉ូតូកង់បីឥណ្ឌាមួយគ្រឿង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្រោយការសាកសួរ មន្រ្តីនគរបាលជំនាញ​ បានស្រាវជ្រាវបន្តរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យចំនួន០៣ទៀត ដែលជាអ្នកលួច​​ និងសមគំនិ តលួច រួចបន្តស្រាវជ្រាវ រហូតឃាត់បានម្នាក់ទៀតជាអ្នកទទួលផលចោរកម្ម នៅម្ដុំស្ពានដែក មូលដ្ឋានសង្កាត់ដង្កៅ ខណ្ឌខណ្ឌដង្កៅ ដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

Share.