ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿង ខណៈដែលកំពុងបើកបរ ស្រាប់តែផ្ទុះបែកកង់ក្រោយ ឈប់ចតស្ងៀតបើកភ្លើងជាសញ្ញា អ្នកបើកបរចុះមកមើល ស្រាប់តែមានរថយន្តកុងតឺន័រ បើកបោះពួយល្បឿនលឿនជ្រុលទៅបុកពីក្រោយ បណ្តាលឲ្យខ្ទេចរួញមួយកំណាត់ក្រោយ ប៉ើងទៅមុខជាង៥០ម៉ែត្រ រងរបួសធ្ងន់ម្នាក់ នៅលើកំណាត់ផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី «ខ» សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តសាំយ៉ុង ពណ៌ស្លែ ពាក់ស្លាកលេខ កែប 2A-0042 ជារថយន្តរបស់ក្រុមហ៊ុនចិន បើកបរដោយបុរសជនជាតិខ្មែរ ដឹកជនបរទេសចំនួន៦នាក់ ស្រី១នាក់ បើកតាមផ្លូវជាតិលេខ៣ ពីត្បូងទៅជើង ដល់ចំណុចកើតហេតុ ស្រាប់តែផ្ទុះបែកកង់ក្រោយខាងស្តាំ អ្នកបើកបរ ឈប់ចតស្ងៀម បើកភ្លើងសញ្ញា ហើយចុះទៅមើលកង់បែក ស្រាប់តែមានរថយន្តកុងតឺន័រ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ 3C-6315 របស់ក្រុមហ៊ុនតេងឡាយ បើកល្បឿនលឿនពីត្បូងទៅជើង ជ្រុលបុកពីក្រោយ ប៉ើងទៅមុខជាង៥០ម៉ែត្រ រងខូចខាតខ្ទេចរួញមួយកំណាត់ក្រោយ បុរសម្នាក់រងរបួសធ្ងន់ អ្នកបើកបររថយន្តបង្ក ចុះរត់គេចខ្លួនបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបាន អ្នករួមដំណើរដឹកតាមរថយន្តគ្លីនិកឯកជនយកទៅសង្គ្រោះ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចចុះទៅពិនិត្យ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយទៀត ។

Share.