រថយន្តកាមរីហាយប្រ៊ីដមួយគ្រឿង បើកបោះពួយល្បឿនលឿន ជ្រុលទៅបុកពីក្រោយរថយន្ត បែន បណ្តាលឲ្យដាច់របូតកង់ក្រោយខ្ទេច ហើយរថយន្តកាមរីបន្តហួសធ្លាក់ចូលត្រាំទឹក ប្រឡាយបោកផ្ទប់នឹងមាត់លូ សំណាងល្អគ្មានអ្នកណារងរបួស ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខក្រុមហ៊ុនហុងដា ចំណុចភូមិអង្គកែវ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ រថយន្តបែន កង់៦ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-6852 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តម៉ាក កាមរីហាយប្រ៊ីដ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BD-23165 បើកល្បឿនលឿន ពីលិចទៅកើត ក្នុងសភាពស្រវឹង ជ្រុលបុកពីក្រោយរថយន្តបែន ពីចំហៀងខាងឆ្វេង បណ្តាលឲ្យរថយន្តបែន ដាច់របូតកង់ក្រោយខ្ទេច ក្រាបដល់ដី។ ចំណែក រថយន្តបង្ក មិនទាន់អស់ល្បឿន ជ្រុលហួសធ្លាក់ចូលក្នុងប្រឡាយទឹកស្អុយ បោកផ្ទប់នឹង មាត់លូ ខ្ទេចផ្នែកខាងមុខ សំណាងល្អមិនបង្កឲ្យអ្នកណារងរបួស ។

ក្រោយកើតហេតុ អ្នកបើកបររថយន្តកាមរី លូចចេញឡើងគោក សុំចរចាជាមួយភាគី រថយន្ត បែន នូវតម្លៃព្រមព្រៀងគ្នាហើយ សង៥ពាន់ដុល្លារទៅខាងរថយន្តបែន ប្រាប់ឲ្យរងចាំ បែរជា គេចខ្លួនទៅបាត់រហូត តាំងពីកណ្តាលអធ្រាត្រ  ។

ករណីគ្រោះថ្នាក់ចរាចរខាងលើ សមត្ថកិច្ច មូលដ្ឋាន និងភាគីរថយន្តបែន រង់ចាំតាំងពី កណ្តាលអធ្រាត្រ រហូតដល់ភ្លឺ ព្រឹកថ្ងៃដដែលនៅមិនឃើញភាគីរថយន្តកាមរី ទើបសម្រេច ប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្ទូចលើយក រថយន្តទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

Share.