ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (អ.ប.វ.) ក្រោមឱវាទក្រសួងនាព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១នេះ។

ការសម្រេចរបស់ក្រសួងការងារនេះធ្វើឡើងបន្ទាប់ពីក្រសួង ទទួលបានការឯកភាពពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

បើតាមក្រសួងការងារ ការបើកដំណើរការឡើងវិញគ្រឹះស្ថាន អ.ប.វ. គឺមានភាពចាំបាច់ណាស់ ដើម្បីធានាបាននូវការបណ្តុះបណ្តាលប្រកបដោយគុណភាព និងប្រសិទ្ធភាពនៃកម្លាំងពលកម្មជំនាញ ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។ ជាងនេះទៅទៀត ការអប់ររំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាឧបករណ៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលក្នុងការស្តារសេដ្ឋកិច្ចជាតិឡើងវិញ បន្ទាប់ពីទទួលរងផលប៉ះពាល់ពីជំងឺកូវីដ-១៩។

ការប្រកាសបើកដំណើរការឡើងវិញគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈក្រោមឱវាទក្រសួង ធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ(Zoom) ក្រោមអធិបតីភាព រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង ដោយមានអ្នកពាក់ព័ន្ធចូលរួមប្រមាណជិត២០០នាក់។

រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បញ្ជាក់ថា ការអនុញ្ញាតឱ្យបើកដំណើរការសិក្សាឡើងវិញ គ្រឹះស្ថានអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈក្រោមឱវាទក្រសួងនេះដោយផ្អែកលើហេតុផលពីរ ៖

ទី១-ក្រសួងបានរៀបចំគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដែលមានលក្ខណៈគ្រប់ជ្រុងជ្រោយធានាបាននូវការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសមានយន្តការច្បាស់លាស់ក្នុងការពិនិត្យវាយតម្លៃហានិភ័យ លក្ខណៈវិនិច្ឆ័យក្នុងការបិទ និងបើក និងមានប្រព័ន្ធរាយការណ៍ច្បាស់លាស់។

ទី២-គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដូចគ្នានឹងឧត្តមសិក្សានៃក្រសួងអប់រំ យុវជន និងកីឡាដែរ ម្យ៉ាងទៀត បុគ្គលិក សាស្រ្តាចារ្យ គ្រូបច្ចេកទេស ព្រមទាំងសិក្ខាកាម សិស្ស និស្សិត (មានអាយុចាប់ពី១៥ឆ្នាំឡើងទៅ) បានទទួលវ៉ាក់សាំងស្ទើរតែ ១០០ភាគរយ និងកំពុងបន្តទទួលដូសជំរុញ ឬដូសទី៣

បច្ចុប្បន្ន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានគ្រឹះស្ថាន អ.ប.វ. ចំនួន ១៩៩ ក្នុងនោះគ្រឹះស្ថាន អ.ប.វ. សាធារណៈ ចំនួន៣៨ និងឯកជន អង្គការ/សមាគម ចំនួន១៦១ ដែលមានសិក្ខាកាម សិស្ស និស្សិត ប្រមាណជាង ៦០.០០០នាក់ បានបញ្ចប់ការសិក្សានិងចូលទៅក្នុងទីផ្សារការងារជារៀងរាល់ឆ្នាំ៕

Share.