ម៉ូតូល្អៗចំនួន៤គ្រឿង ត្រូវបានជនសង្ស័យកាត់ឆ្កឹះសោទ្វាររបងចូលលួចយកទៅបាត់ ដោយសុវត្តិភាពក្នុងចំណោមម៉ូតូជាង១០គ្រឿង។

គេមិនបានដឹងថា ក្រុមចោរបានធ្វើសកម្មភាពនៅពេលណានោះទេ ប៉ុន្តែ ម្ចាស់រងគ្រោះ ភ្ញាក់ពីដេក ចុះចេញពីបន្ទប់បម្រុងយកម៉ូតូ ទើបដឹងថាបាត់អស់ម៉ូតូ៤គ្រឿង ឃើញទ្វាររបង ចំហរធ្លុង ទើបនាំគ្នាផ្អើលឆោឡោ នៅផ្ទះជួល ផ្លូវបេតុង ក្រុម១ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីម៉ោង៦ព្រឹក ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

តាមប្រភពនៅកន្លែង បានឲ្យដឹងថាម៉ូតូទាំង៤គ្រឿងដែលជនសង្ស័យលួចយកទៅបាត់ ទី១ ម៉ាក និច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FG-3049  ម្ចាស់ឈ្មោះ យ៉ា អៃយោប ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទី២ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C- 9725 ម្ចាស់ឈ្មោះ បៀវ ពុធ ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ។ ទី៣ ម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ បន្ទាយមានជ័យ 9303 ម្ចាស់ឈ្មោះ សែម រតនា ភេទស្រី អាយុ៣២ឆ្នាំ មុខរបរ កម្មកររោងចក្រ។ ទី៤ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ម្ចាស់ឈ្មោះ ម៉ន នុន ភេទ បរុស អាយុ២៤ឆ្នាំ មុខរបរកម្មកររោងចក្រ។

តាមសម្តីជនរងគ្រោះទាំងអស់បានឲ្យដឹងថា ពួកគេបានទុកដាក់ម៉ូតូ រាល់ថ្ងៃ រាល់យប់ នៅខាងក្រោមក្បែរជណ្តើរ ចាក់សោ កត្រឹមត្រូវ ហើយនាំគ្នាឡើងសម្រាកតាមបន្ទប់ជួល រៀងខ្លួននៅជាន់លើ។ ស្រាប់តែព្រលឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១នេះ ម្ចាស់ចុះមក ស្រាប់តែឃើញទ្វាររបងរបើក សោចំនួន២របើកធ្លាក់ បាត់អស់ម៉ូតូចំនួន៤គ្រឿង ទើបនាំគ្នា ឆោឡោ រត់ទៅប្តឹងសមត្ថកិច្ច ចុះទៅពិនិត្យជាក់ស្តែងដល់ទីតាំងកើតហេតុ និងនាំជនរងគ្រោះ ទៅដាក់ពាក្យបណ្តឹង ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.