អគ្គិភ័យមួយបានឆាបឆេះក្នុងបន្ទប់ជួលមួយកន្លែងនៅជាន់ទី១ បានបំផ្លាញអស់ ម៉ាស៊ីន កុំព្យូទ័រចំនួន ២គ្រឿង  ដោយសារតែទុស្សេខ្សែរភ្លើង។ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើល ដល់កម្លាំងសម្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គិភ័យចំនួន ៧គ្រឿងចុះមកជួយអន្តរាគមន៍ បាញ់ទឹកពន្លត់។

ករណីអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង ០៩ និង ៥០នាទីព្រឹក ថ្ងៃទី ១៥ ខែ តុលា ឆ្នាំ  ២០២១ នៅចំណុចបន្ទប់ជួលជាន់ទី ១ ផ្ទះលេខ ១៧៥ ផ្លូវព្រះនរោត្តម (ក្បែរស្តុប ផ្សារកាប់គោ)ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង។  

តាមប្រភពពីអាជ្ញាធរបានឱ្យដឹងថា ខណៈដែលមានបុរស២នាក់ប្តីប្រពន្ធកំពុង ស្នាក់នៅ ក្នុងបន្ទប់របស់ខ្លួននោះ ស្រាប់តែមានករណីទុស្សេខ្សែភ្លើងហុយផ្សែង និងបែក ផ្កាភ្លើង នៅតុ ដាក់កុំព្យូទ័រមួយជាកន្លែងធ្វើការរបស់គាត់ ភ្លាមនោះពួកគេក៏ភ័យស្រឡាំងកាំង រត់ចេញ មកខាងក្រៅបន្ទប់ស្រែកឲ្យគេជួយ ទើបបានបង្ករការភ្ញាក់ផ្អើលទៅដល់អ្នកនៅ ក្បែរខាង និងកម្លាំងមានសម្ថកិច្ចខណ្ឌបឹងកេងកងជា ចុះមកដល់កន្លែងកើតហេតុភ្លាមៗ។

ដំបូងសមត្ថកិច្ចបានយកបំពង់ពន្លត់អគ្គិភ័យទៅជួយធ្វើការបាញ់ពន្លត់ តែដោយសារតែខ្លាច ក្រែងភ្លើងឆេះរីករាលដាលកាន់តែធំនិងដល់ផ្ទះអ្នកក្បែរខាងទៀតនោះក៏បានហៅរថយន្ត  ពន្លត់អគ្គិភ័យរបស់ការិយាល័យពន្លត់អគ្គិភ័យនៃស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៥គ្រឿង និង រថយន្តពន្លត់អគ្គិភ័យរបស់ក្រសួងមាហាផ្ទៃចំនួន ២គ្រឿង សរុប ៧គ្រឿ មកជួយ អន្តរាគមន៍បាញ់ទឹកពន្លត់ផងដែរ។

សមត្ថកិច្ចសន្និដ្ឋានថា ករណីអគ្គិភ័យនៅក្នុងបន្ទប់ជួលនៅជាន់ទី១ ខាងលើនេះ គឺកើត ឡើង ដោយសារការទុស្សេខ្សែរភ្លើង ដែលម្ចាស់បានដាក់សាកភ្លើងកុំព្យូទ័រ និងខ្សែភ្លើង ជាច្រើន ផ្សេងទៀត។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គិភ័យនេះបានឆេះបំផ្លាញអស់ម៉ាស៊ីន កុំព្យូទ័រ ចំនួន ២គ្រឿងរួមទាំងសម្ភារៈប្រើប្រាស់ផ្សេងមួយចំនួនទៀត៕

អត្ថបទ៖សេង សាវី

Share.