កម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌដង្កោ  សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលដង្កោ បានឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមបក្សពួក៣នាក់ដែលបានធ្វើសកម្មភាព យកកាំភ្លើង ខ្លីប្រើហ្គាសភ្ជង់ប្លន់យកលុយនិងទ្រព្យសម្បត្តិប្រជាពលរដ្ឋ  ។

ឃាត់ខ្លួនជនសង្ស័យនេះធ្វើឡើងកាលពីវេលាម៉ោង៥និង១៥នាទីល្ងាចថ្ងៃទី១៤ខែតុលា  ឆ្នាំ២០២១   នៅត្រង់ចំណុចផ្លូវ៣៧១ ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ជនរងគ្រោះឈ្មាះ ដឿន សុភឿន ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរម៉ាស្សា កោសជប់ មាន ទីលំនៅផ្ទះគ្មានលេខ ផ្លូវ៣៧១ ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។

ចំណែកជនសង្ស័យមាន ឈ្មោះ គុយ សុធាវុធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ (មានសារធាតុញៀន) ។  និងបក្ខពួក២នាក់ទៀតបានរត់គេចខ្លួនបាត់ស្រមោល។

លោកវរសេនីឯក  ជឹម  ស៊ីថា  អធិការខណ្ឌដង្កោបានប្រាប់ឲ្យដឹងថា   កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង២និង០០នាទីនាទីរសៀល ជនរងគ្រោះកំពុងអង្គុយនៅក្នុង ហាងម៉ាស្សាកោសជប់យីហោ៣៣៣ ផ្លូវ៣៧១ ស្ថិតនៅ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ស្រាប់តែលេចជនសង្ស័យ៣នាក់ ជួលកង់បីឥណ្ឌាជិះមកដល់ហាងម៉ាស្សាកោសជប់ខាងលើ ក៏បានចូលក្នុងហាងនាំជនរងគ្រោះចូលក្នុងបន្ទប់ ដើម្បីកោសជប់។ តែពេលចូលដល់ក្នុងបន្ទប់ ជនសង្ស័យឈ្មោះ គុយ សុធាវុធ បានយកកាំភ្លើងខ្លីប្រើហ្គាស ភ្ជង់ប្លន់យកលុយ និងទ្រព្យ សម្បត្តិ ពីជនរងគ្រោះ ហើយជនសង្ស័យក៏បានគេចខ្លួនបាត់អស់។ 

បន្ទាប់មកជនរងគ្រោះក៏បានមករាយការណ៍ប្រាប់សម្ថកិច្ច និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលដង្កោ ដើម្បីឲ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យខាងលើ យកមក ផ្ដន្ទាទោសទៅតាមច្បាប់។

 ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យមើលកាមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅហាងម៉ាស្សាកោសជប់យីហោ ៣៣៣និង កំណត់បានអត្តសញ្ញាណក្រុមជនសង្ស័យដែលធ្វើសកម្មភាពខាងលើ លុះដល់ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០នាទីល្ងាចកម្លាំងផ្នែកនគរបាលយុត្តិធម៌សហការ ជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ គុយ សុធាវុធ និងបានយកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ដង្កោ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាពួកគេទាំងបីនាក់ពិតជាបានធ្វើ សកម្មភាពយកកាំភ្លើងខ្លីប្រើហ្គាសភ្ជង់ប្លន់ទៅលើជនរងគ្រោះពិតប្រាកដមែនហើយលុយ ដែលពួកគេប្លន់បានយកទៅចែកគ្នាចាយអស់ទៅហើយ ។

សម្ភារ:ដែលបាត់បង់៖ ១/លុយចំនួន៧៥០ដុល្លារអាមេរិក(ប្រាំពីររយហាសិបដុល្លាអាមេរិក) /២.ខ្សែដៃផ្លាកទីនទម្ងន់៣ជី ចំនួន០១ខ្សែ/៣. ទូរសព្ទ័ដៃចំនួន០២គ្រឿង(ម៉ាកOPPO ១គ្រឿង ម៉ាក VIVO០១គ្រឿង)  

វត្ថុតាងចាប់យក៖ កាំភ្លើងខ្លីប្រើហ្គាស(គ្មានបង់)ចំនួន០១ដើម មួកក្រណាត់ម៉ាក GUCCI (របស់ជនសង្ស័យពាក់ធ្វើសកម្មភាព) ចំនួន០១ ។

ក្រោយពីធ្វើការសួរនាំរួចសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោ  ក៏បានបញ្ជូនខ្លួនជនសង្ស័យ មកកាន់អធិការដ្ឋានខណ្ឌដង្កោដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។  ចំណែកជនសង្ស័យ២នាក់ ទៀតដែលកំពុងរត់គេចខ្លួនសមត្ថកិច្ចនឹងបន្តធ្វើការស្រាវជ្រាវ ចាប់ខ្លួនមកផ្តន្ទាទោស៕

អត្ថបទ៖សេង សាវី

Share.