រថយន្តកូរ៉េដឹកឥដ្ឋការ៉ូមួយគ្រឿង បើកបោះពួយលឿនជ្រុលបុកពីក្រោយម៉ូតូហុងដាសេ១២៥ ហើយរេចង្កូតទៅបុកម៉ូតូ Beat ច្រាសទិសមួយគ្រឿងទៀត កិនជាប់ពីក្រោមអូសជិត១០ម៉ែត្រ បណ្តាលឲ្យ រងរបួសបុរសម្នាក់ និងស្ត្រីម្នាក់។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣៥នាទីរសៀល ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ នៅតាមផ្លូវវេងស្រេង ចំណុចភូមិត្រពាំងថ្លឹង៣ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ រថយន្តបង្ក ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-2309 ដឹកឥដ្ឋការ៉ូ បើកពីកើតទៅលិចក្នុងល្បឿនលឿន ដល់ ចំណុចកើតហេតុ ជាន់ហ្វ្រាំងមិនជាប់ ជ្រុលទៅបុកពីក្រោយម៉ូតូ ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1J-9394 ជិះដោយបុរសម្នាក់ ដេកដួល រងរបួសស្រាលហើយ រថយន្តបួងចង្កូតគេចឆ្វេង ក៏ជ្រុលទៅបុកពីមុខម៉ូតូ ម៉ាកBeat ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 1P-9014 ជិះពីលិចទៅកើត ឈប់ចន្លោះទ្រូងផ្លូវ រង់ចាំឆ្លងផ្លូវ កិនអូសជិត១០ម៉ែត្រ បណ្តាលឲ្យ រងរបួសស្ត្រីម្នាក់ រយះដៃធ្ងន់ ទើបរថយន្តឈប់ស្ងៀម ។

ក្រោយកើតហេតុ ស្ត្រីរងគ្រោះត្រូវបានក្រុមគ្រួសារ ដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យ។ ចំណែកម៉ូតូសេ១២៥ ត្រូវបានភាគីខាងរថយន្តចេញសងថ្លៃខូចខាត ហើយសុំចាកចេញ ទៅមុន នៅសល់តែរថយន្ត និងម៉ូតូ Beat ត្រូវបានសមត្ថកិច្ច ចុះទៅពិនិត្យវាស់វែង រួចយក ទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌជាបណ្តោះអាសន្ម ៕

Share.