ក្រុមអ្នកដើររើសអេតចាយ បន្លំលួចទ្រព្យសម្បត្តិបងប្អូនប្រជាពលរដ្ឋពេលយប់ ចំនួន៧នាក់ ត្រូវបានកម្លាំងជំនាញខណ្ឌពោធិសែនជ័យ កម្លាំងប៉ុស្តិ៍រដ្ឋបាល ធ្វើការឃាត់ខ្លួន នាំទៅ សាកសួរនៅប៉ុស្តិ៍ សង្ស័យជាបក្ខពួក ពាក់ព័ន្ធនឹងករណីគាសើសោទ្វារចូលលួចម៉ូតូ ចំនួន ៤គ្រឿងកន្លងមក ។

ប្រតិបត្តិការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ នៅផ្ទះជួលផ្លូវបេតុង ក្រុម២ ក្នុងភូមិព្រៃព្រីងជើង១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ក្រុមអ្នកដើរ រើសអេតចាយ បន្លំធ្វើសកម្មភាពឆ្កឹះគាស់សោទ្វាររបង ចូលលួចម៉ូតូកម្មកររោងចក្រផ្ទះជួល បាត់អស់៤គ្រឿង នៅក្រុមទី១ ភូមិព្រៃព្រីងជើង១ ខណ្ឌពោធិ៍សែនជ័យ។  ក្រោយពីកម្លាំង ជំនាញបើកការស្រាវជ្រាវ ជនសង្ស័យចេញពីប្រភពតំបន់ផ្ទះជួល នៅទីតាំងខាងលើ ទើបនៅព្រឹកថ្ងៃទី១៦ ខែតុលា នេះ កម្លាំងសមត្ថកិច្ចចុះទៅហៅប្រមូលនាំក្រុមអ្នកដើររើស អេតចាយពេលយប់ៗបានចំនួន៧នាក់ ។

ជនទាំង៧នាក់ត្រូវបានហៅនាំទៅសាកសួរ នៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីស្រាវជ្រាវ វែកមុខរកជនប្រព្រឹត្តផ្ទាល់និងបក្ខពួក ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.