រថយន្តដឹកកញ្ចក់បើកបរលឿនចុះពីលើស្ពានខ្វះការប្រុងប្រយ័ត្នជ្រុលបុករះរថយន្ត៥ គ្រឿង រងការខូចខាតរួមនឹងម៉ូតូកង់បីឥណ្ឌា២គ្រឿងក្រឡាប់មួយគ្រឿងនិងកៀបជាមួយរថយន្តមួយគ្រឿង។ក្នុងនោះមានបុរសអ្នកជិះម៉ូតូម្នាក់រងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង ១៥នាទី ព្រឹកថ្ងៃទី១៦ ខែតុលាឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវ២១៧ ចំណុចមុខវត្តស្ទឹងមានជ័យ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាក ហ៊ីយ៉ាន់ដាយពណ៍ខៀវ ពាក់ផ្លាកលេខភ្នំពេញ3B-4606 ដឹកកញ្ចក់ពេញលើរថយន្ត បើកបរ ដោយបុរសម្នាក់រួមដំណើរជាមួយជំនួយការបើកបរម្នាក់ទៀត ធ្វើដំណើរពីកើតទៅលិចចុះ ពីលើ ស្ពានអាកាសស្ទឹងមានជ័យក្នុងល្បឿនលឿនដោយតៃកុងរថយន្តជាន់ហ្រ្វាំង មិនស៊ី ក៏បានជ្រុលចង្កូតទៅបុករថយន្តនិងម៉ូតូកង់បីនិងម៉ូតូដែលកំពុងតែធ្វើដំណើរស្របទិសដៅគ្នានៅពីខាងមុខបណ្តាលឲ្យរងការខូចខាតនិងរងរបួសបុរសម្នាក់ផងដែរ។

ចំណែកអ្នកបើកបររថយន្តបង្កត្រូវបានក្រុមជនរងគ្រោះចាប់ក្របួចជាប់និងស្វាគមន៍ម្នាក់មួយដៃផងដែរដោយសារតែខឹងនិងបុរសខាងលើបើករថយន្តលឿនពេកបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌមានជ័យ សហការជាមួយនឹងជំនាញ ចរាចរណ៍ក្រុងបានចុះមកធ្វើការវាស់វែងនិងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

អត្ថបទ៖សេង សាវី

Share.