រថយន្តបែនយីឌុបបើកកៀរស្ត្រីម្នាក់ដែលកំពុងជិះម៉ូតូ ឌុបកូនប្រុស២នាក់ ធ្វើដំណើរវិលមកពីស្រុកកំណើត ឆ្ពោះទៅផ្ទះ ដួលហើយ កិនកូនប្រុសស្លាប់ម្នាក់ យ៉ាងអាណោចអធ័ម។ ចំណែកម្តាយនិងកូនប្រុសម្នាក់ទៀត រងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីព្រឹក ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ នៅលើ ផ្លូវជាតិលេខ៤ មុខផ្សារជម្ពូវ័ន ភូមិជម្ពូវ័ន១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនរងគ្រោះទាំង៣នាក់ម្តាយកូនរួមមាន៖ ទី១ ឈ្មោះ ជា ដា ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ អ៊ុតសក់ រងរបួសស្រាល ត្រូវជាម្តាយ ។ ទី២ ឈ្មោះ ស៊ុន ចាន់នី អាយុ៩ឆ្នាំ មុខរបរសិស្ស ស្លាប់នៅកន្លែង ។ ទី៣ ឈ្មោះ ស៊ុន ចាន់ណា ភេទប្រុស អាយុ៣ឆ្នាំ រងរបួសស្រាល ។

ជនរងគ្រោះមានទីលំនៅភូមិស្ងួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល មានស្រុកកំណើត ភូមិស្វាយរលំ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ។ ជនរងគ្រោះជិះម៉ូតូ ម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HG-1765 ។

ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ាន់ដាយបែន ប្រភេទយីឌុប ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 3F-3727 បើកបរដោយម្ចាស់ ឈ្មោះ ម៉ោ ថេរ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរ បើកបររថយន្ត ស្នាក់នៅផ្ទះជួលសង្កាត់ទួលសង្កែ១ ខណ្ឌឫស្សីកែវ មានស្រុកកំណើត ភូមិត្រពាំងធ្លកខាងជើង ឃុំចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ។

ប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះជិះម៉ូតូឌុបកូនប្រុស២នាក់ វិលមកពីស្រុកកំណើត ឆ្ពោះទៅផ្ទះនៅឯខណ្ឌកំបូល តាមផ្លូវជាតិលេខ៤ ពីកើតទៅលិច ដល់ខាងមុខផ្សារជម្ពូវ័ន ស្រាប់តែរថយន្តបង្ក បើកពីកើតទៅលិច ស្របទិសវ៉ាជែង ជ្រុលកៀរដួលហើយកិនក្មេងប្រុសម្នាក់ស្លាប់បែកក្បាលខណៈដែលកូនប្រុសម្នាក់ទៀតនិងម្តាយរងរបួសស្រាល រថយន្តបន្តបើកទៅមុខ បានចំងាយជាង៥០០ម៉ែត្រ ទើបសមត្ថកិច្ចឃាត់បានទាំងអ្នកបើកបរ ។

ក្រោយហេតុការណ៍គ្រោះថ្នាក់ចរាចរ នោះសមត្ថកិច្ចបានចុះទៅពិនិត្យវាស់វែង និងប្រគល់សពជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកមធ្យោបាយទាំង២ រួមជាមួយអ្នកបើកបររថយន្តផង ត្រូវបានសមត្ថកិច្ចនាំយកទៅរិយាល័យចរាចរជើងគោកនៃ ស្នងការរដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.